គណបក្សប្រឆាំងចាត់ទុកថា ការដែលតុលាការក្រុងភ្នំពេញចេញដីកានាំខ្លួនប្រធានប្រតិបត្តិរាជធានីភ្នំពេញរបស់គណបក្សសង្រ្គោះជាតិ ជារឿងនយោបាយ។
កាលពីថ្ងៃទី៧ សីហា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួន លោក ម៉ន ផល្លា ទៅសាកសួរពីដំណើររឿង «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ទាក់ទងនឹងហិង្សាក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានលើកឡើងថា ករណីនេះជារឿងនយោបាយសុទ្ធសាធ ហើយលោកថា លោក ម៉ន ផល្លា គ្រាន់តែជាអ្នកដឹកនាំក្បួនហែរគណបក្ស ហើយអ្នកដែលប្រព្រឹត្តិបទល្មើស គឺជាជនមួយក្រុមផ្សេងទៀត។ លោកថា តុលាការគួរតែដាក់ទោសអ្នកដែលបានប្រព្រឹត្តផ្ទាល់ មិនមែនដាក់ទោសអ្នកដែលដឹកនាំឡើយ។
លោកថា៖ «បើសិនជាអ្នកណាបង្ករឿង គឺជាកំហុសរបស់អ្នកនោះ មិនមែនអ្នកនោះបង្ករឿង មកចោទអ្នករៀបចំយ៉ាងម៉េច? ឧទាហរណ៍ថា គេដឹកនាំមនុស្សរាប់សែននាក់ ហើយមនុស្សម្នាក់ ពីរនាក់ ទៅបង្កចលាចល មិនចាប់មនុស្សបង្កចលាចល បែជាមកចោទមកអ្នកដឹកនាំ ដូចអង្កាល់មានមនុស្សមកវាយអ្នកតំណាងរាស្រ្ត គេដាក់ទោសអ្នកវាយហ្នឹង គេមានទៅដាក់ទោសមេរបស់អ្នកហ្នឹងឯណា!»។
អ្នកនាំពាក្យរូបនេះ យល់ថា ចំណាត់ការរបស់តុលាការនៅពេលនេះ ជាការគាបសង្កត់ និងបង្កផលលំបាកដល់គណបក្សសង្គ្រោះជាតិ ជាពិសេស លោកថា គណបក្សកាន់អំណាចព្យាយាមបំផ្លាញមេដឹកនាំគណបក្សសង្គ្រោះជាតិដែលមានសមត្ថភាព។
វីអូឌី មិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបន្ថែមថា ខាងតុលាការនឹងឲ្យលោក ម៉ន ផល្លា ចូលតុលាការនៅថ្ងៃណា បាននោះទេ។
ករណីហិង្សានេះ បានកើតឡើងនៅចុងខែឧសភា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត នៅពេលដែលយុវជនម្នាក់ឈ្មោះ សេក សាមុន បានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយប្តឹងថា ក្រុមយុវជនបក្សសង្គ្រោះជាតិប្រមាណ១០នាក់បានបង្កជម្លោះ និងបានប្រើអំពើហិង្សាវាយដំមកលើខ្លួន ពេលដែលខ្លួនជិះម៉ូតូទៅប៉ះជាមួយក្បួនដង្ហែគណបក្ស។
ទាក់ទិននឹងករណីនេះ សាស្រ្តាចារ្យនយោបាយ លោក សូ ចន្ថា បានមានប្រសាសន៍ថា រឿងដែលបានកើតឡើងគឺស្ថិតនៅក្នុងកំឡុងពេលនៃការឃោសនាបោះឆ្នោត ដូច្នេះហើយ គួរតែមានការដោះស្រាយគ្នាតាមរយៈច្បាប់នៃការបោះឆ្នោត។ លោកថា នេះជារឿងដែលពាក់ព័ន្ធនឹងនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ។
លោកថា៖ «ករណី លោក ម៉ម ផល្លា ផ្តើមចេញពីហិង្សា ដែលកើតមានក្នុងពេល ឃោសនាបោះឆ្នោតនោះ ខ្ញុំគិតថា គួរតែមានការដោះស្រាយដោយឈរនៅលើគោលការណ៍នៃការពិភាក្សាគ្នា ឬក៏ដោះស្រាយដោយច្បាប់បោះឆ្នោត ប៉ុន្តែខ្ញុំគិតថា មិនគួរបង្វែរទៅឈានទៅដល់តុលារការនោះទេ ហើយការកោះហៅច្រើនលើកច្រើនសារបែបនេះ គឺជាការគម្រាមកំហែងផ្នែកនយោបាយទៀតផង»។
តុលាការធ្លាប់បានចេញដីកាឲ្យប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ទៅបំភ្លឺនៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ម្តងហើយ តែលោក ម៉ន ផល្លា មិនបានបង្ហាញខ្លួនទេ៕