អ្នកតាមដាន និងវិភាគបញ្ហាសង្គមជើងចាស់មួយរូប លើកឡើងថា បើសង្គមមួយដែលបង្កើតច្បាប់ឡើងដើម្បីបម្រើគោលបំណងសំខាន់ ចាត់ការតែបុគ្គលណាម្នាក់ជាគូប្រជែងនោះ លោកថា នឹងធ្វើឲ្យសង្គមមានបញ្ហា បង្កជាជម្លោះផ្សេងៗកើតឡើង។
នៅវេទិកាតុមូលរបស់វីអូឌីកាលពីថ្ងៃទី១៨ខែសីហាម្សិលមិញ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ក្នុងសង្គមគេបង្កើតច្បាប់ដើម្បី ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទាំងប្រទេស។ ប៉ុន្តែលោកថា បើមេដឹកនាំសង្គមមួយបង្កើតច្បាប់ដើម្បីទប់ទល់ ឬ ចាត់ការតែមនុស្សណាម្នាក់នោះ នឹងនាំឲ្យកើតមានអំពើអយុត្តិធម៌ មានទំនាស់ ដោយសារអ្នកផ្សេងមិនសុខចិត្ត នឹងនាំឲ្យសង្គមអន់ថយ។
លោក ឡៅ ម៉ុងហៃ ក៏បានលើកឡើងពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចំនួនពីរលើកមកនេះថា ជាការប៉ះពាល់ដល់សង្គម។ លោក ឡៅ ម៉ុងហៃ មិនបានបញ្ជាក់ថា តើការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះជាចេតនា ចង់កម្ចាត់អ្នកណាម្នាក់ទេ ប៉ុន្តែកន្លងមក លោក សម រង្ស៊ី លើកឡើងថា ការធ្វើវិសោធនកម្មច្បាប់នយោបាយតាមការស្នើឡើងរបស់គណបក្សប្រជាជននោះ គឺដើម្បីចាត់ការលោកចេញពីឆាក នយោបាយ។
ទោះយ៉ាងណា ខាងគណបក្សប្រជាជនកម្ពុជា អះអាងថា ការធ្វើវិសោធនកម្មច្បាប់ស្តីគណបក្សនយោបាយពីរលើកកន្លងទៅនេះគឺជាដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជំរុញឲ្យគណបក្សនយោបាយទាំងអស់ត្រូវគោរពច្បាប់។