មនុស្សយ៉ាងតិច ២៣នាក់ ត្រូវបានសម្លាប់ ហើយមនុស្សរាប់សិបនាក់ទៀត បានរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែរត់ធ្លាក់ចេញពីផ្លូវនៅភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃម្សិលមិញនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីអាជ្ញាធរឥណ្ឌា។
បើតាម AFP ក្រុមជួយសង្គ្រោះបានដើរមើលនៅលើទូររថភ្លើងដែលក្រឡាប់នោះ ដើម្បីទាញយកអ្នកដំណើរចេញពីកម្ទេចកម្ទីបាក់បែក។
បុគ្គលិកជួយសង្គ្រោះ និងមហានជននៅក្នុងតំបន់ បានប្រញាប់ប្រញាល់ទៅទីតាំងកើតហេតុ ជាទីដែលរថភ្លើងនោះបានរត់ធ្លាក់ចេញពីផ្លូវនៅក្នុងរដ្ឋឧត្ដរប្រាដែស ស្ថិតនៅចម្ងាយប្រហែល ១៣០គីឡូម៉ែត្រពីរដ្ឋធានីញូវដេលី។ នេះគឺជាគ្រោះថ្នាក់ដ៏មហន្តរាយបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រនៃបណ្ដាញរថភ្លើងក្នុងប្រទេសឥណ្ឌា។
មិនដល់មួយឆ្នាំមុនផង មនុស្ស ១៤៦នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ប្រហាក់ប្រហែលគ្នានេះ នៅក្នុងរដ្ឋឧត្ដរប្រាដែស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរបានរត់ធ្លាក់ចេញពីផ្លូវ។
របាយការណ៍រដ្ឋាភិបាលឥណ្ឌាកាលពីឆ្នាំ២០១២ បាននិយាយថា មនុស្សជិត ១៥០០០នាក់ ត្រូវបានសម្លាប់នៅរៀងរាល់ឆ្នាំ នៅលើខ្សែរថភ្លើងរបស់ប្រទេសនេះ៕