ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានអំពាវនាវដល់ពលរដ្ឋដែលគ្រប់អាយុ ហើយមិនទាន់មានឈ្មោះក្នុងបញ្ជី គ.ជ.ប ឲ្យទៅបំពេញបែបបទចុះឈ្មោះគ្រប់ៗគ្នា ដើម្បីទទួលបានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ខាងមុខនេះ។
លោក កឹម សុខា ថ្លែងតាមវីឌីអូឃ្លីបក្នុងហ្វេសប៊ុករបស់លោកនាថ្ងៃទី២៨ខែសីហានេះថា លោកស្នើដល់ស្ថាប័នពាក់ព័ន្ធ ជួយសម្រួលធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋមានងាយស្រួលនៅពេលគាត់ទៅចុះឈ្មោះបោះឆ្នោត។ លោកបន្តថា មានតែការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ ទើបឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយអាចធ្វើឲ្យប្រទេសកម្ពុជាឲ្យមានសន្តិភាពពិត មានអភិវឌ្ឍន៍ពិត និងមានយុត្តិធម៌។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមានប្រជាពលរដ្ឋគ្រប់អាយុ ហើយមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានប្រមាណ១លាន៥សែននាក់។ គ.ជ.ប កំណត់ពេល៧០ថ្ងៃ សម្រាប់ប្រជាពលរដ្ឋទៅចុះឈ្មោះក្នុងបញ្ជី គឺចាប់ពីថ្ងៃទី១ខែកញ្ញា ដល់ថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះ៕
ម៉ាប់ ស៊ុយ [email protected]