គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់យកសប្តាហ៍ទី៣ ក្នុងខែមករា ដើមឆ្នាំ២០១៨ខាងមុខសម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ សីហា ឆ្នាំ២០១៧ ដែលវីអូឌីទើបទទួលបាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៤នៃព្រឹទ្ធសភា និងត្រូវកំណត់យកថ្ងៃអាទិត្យ ទី១៤ មករា ឆ្នាំ២០១៨ ខាងមុខ។
គ.ជ.ប បានឲ្យដឹងទៀតថាសមាជិកព្រឹទ្ធសភានីតិកាលទី៤ មានចំនួន៦២រូប ដែល២រូបតែងតាំងដោយព្រះមហាក្សត្រ ២រូបជ្រើសតាំងដោយសមាជិករដ្ឋសភា និង៥៨រូបទៀតជ្រើសតាំងតាមការបោះឆ្នោតអសកល ដែលត្រូវបែងចែកតាមភូមិភាគ។
សម្រាប់នីតិកាលទី៣នេះ សមាជិកព្រឹទ្ធសភាមាន៦១រូប ក្នុងនោះ មកពីគណបក្សប្រជាជនកម្ពុជាមាន៤៦នាក់ គណបក្ស សម រង្ស៊ី ១១នាក់ និង៤នាក់ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងរដ្ឋសភា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល គឺអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សា ខេត្ត រាជធានី និងសមាជិករដ្ឋសភា។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានប៉ាន់ប្រមាណនៅលើទំព័រហ្វេសបុករបស់លោកបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១៨ខាង គណបក្សសង្គ្រោះជាតិអាចទទួលបានអាសនៈ២៥ គឺលើសបច្ចុប្បន្នដែលមានចំនួន១១អសនៈ៕