មនុស្សជាង១០០នាក់បានស្លាប់ និងជិត៤០០នាក់ទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ២៩ថ្ងៃនៃខែសីហានេះ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហាម្សិលមិញថា គ្រោះថ្នាក់ចរាចរណ៍ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ មានចំនួន២៧១ករណី ធ្វើឲ្យមនុស្សស្លាប់ចំនួន១៣៤នាក់ និងមនុស្សចំនួន៣៨៧នាក់ទៀតរងរបួស ក្នុងនោះរបួសធ្ងន់មានចំនួន២៥២នាក់។
របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាង១៧០០នាក់កាលពីឆ្នាំមុន និងបណ្ដាលឲ្យមនុស្សជាង៦៦០០នាក់ទៀតបានរងរបួស។ មូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពី ការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលស្រវឹង និងមិនគោរពច្បាប់ចរាចរណ៍ជាដើម៕
ហូរ តុងហាន់