ក្រុមអ្នកជំនាញ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ឲ្យដឹងថា ការដាក់សម្ពោធឲ្យប្រើប្រាស់គេហទំព័រអប់រំ ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម គឺដើម្បីរក្សានូវការចងចាំ និងជាបណ្តុំឯកសារសម្រាប់សិស្សានុសិស្សធ្វើការស្រាវជ្រាវ។
គេហទំព័រឈ្មោះ www.khmerrougehistory.org និងគេហទំព័រហ្វេសបុក GENOCIDE EDUCATION IN CAMBODIA ត្រូវបានបើសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី៨ កញ្ញានេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា ស្វែងយល់ពីឯកសារជាវីដេអូ សំឡេង និងរូបថត នៃប្រវត្តិសាស្ត្រខ្មែរក្រហម។
ប្រធានផ្នែកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា លោកស្រី សូ ហ្វារីណា បានឲ្យអ្នកសារព័ត៌មានដឹងថា គេហទំព័រនេះបានចម្រេញចេញពីឯកសារជាច្រើនដែលយកមកសង្ខេបដែលធ្វើឲ្យអ្នកអាន ងាយស្រួលអាន ងាយស្រួលស្វែងរក និងស្រាវជ្រាវ។
លោកស្រីថា៖ «ចំណុចមួយទៀត គឺទាក់ទងនឹងការស្រាវជ្រាវបន្ថែម ប្រសិនបើមានភាពចាំបាច់ ឬសំណួរអីបន្ថែម ហើយចែករំលែកជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា ឬ វេបសាយ។ មួយទៀត នៅពេលដែលរកឃើញអ្វីមួយដែលថ្មី ក៏អាចចែករំលែក ជាមួយអ្នកអានបាន អញ្ចឹងវា មានលក្ខខណៈ dynamic វាមានលក្ខខណៈលឿនជាងសៀវភៅ ហើយវាអាច មានទំនាក់ទំនងជាមួយអ្នកប្រើប្រាស់បាន។ អញ្ចឹងវា មានលក្ខខណៈមួយដែល two ways អញ្ចឹងវា មានលក្ខខណៈប្លែកអំពីសៀវភៅច្រើន»។
អនុរដ្ឋលេខាធិការក្រសួងអប់រំលោកស្រី ទន់ សាអ៊ីម មានប្រសាសន៍ថា គេហទំព័រនេះនឹងជួយសម្រួលបន្ទុកនៃការបោះពុម្ភរបស់រដ្ឋបានច្រើន និងផ្តល់ភាពងាយស្រួលជាច្រើនដោយសារបច្ចុប្បន្នជាសម័យអ៊ិនធើណែតដែលធ្វើឲ្យការសិក្សាស្រាវជ្រាវទាំងអស់គឺអាចសិក្សាបាននៅលើប្រព័ន្ធអ៊ិនធើណែត។
លោកស្រី៖ «យើងមានទំព័រហ្វេសបុករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលនឹងផ្សព្វផ្សាយនៅថ្ងៃនេះ ជាផ្លូវការផងដែរ ដែលនឹងធ្វើឲ្យអ្នកដែលបើកមើល អ្នកដែលចាប់អារម្មណ៍នោះ កាន់តែច្រើន យើងគិតថា មនុស្សប៉ុន្មាននាក់ហើយ ដែលកំពុងប្រើទូរស័ព្ទដៃហើយមានហ្វេសប៊ុក អាចនឹងមើលថា សឹងតែថា នៅជនបទក៏មានដែរ។ មិនមែនធម្មតាទេ អ្នកខ្វៀលគោ ក៏អាចមានទូរសព្ទ មើលវេបសាយ មើលហ្វេសបុកអីអញ្ចឹងដែរ។ អញ្ចឹងយើងគិតថានេះ ជាការវិវឌ្ឍថ្មីមួយទៀតនៃបច្ចេកវិទ្យាព័ត៌មាននៅក្នុងការផ្សព្វផ្សាយខ្លឹមសារផ្នែកអប់រំ»។
គេហទំព័រពីប្រវត្តិសាស្ត្រខ្មែរក្រហមនេះ ត្រូវបានបង្កើតឡើងដោយជួយជ្រោមពីអង្គការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ដោយមានកិច្ចសហប្រតិបត្តិការពីក្រសួងអប់រំ យុវជន និងកីឡា។
បើតាមមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នទាំងអស់មានប្រមាណ៧០ភាគរយ ជាអ្នកមានកំណើតក្រោយរបបខ្មែរក្រហម។ របបកម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហម បានគ្រប់គ្រងប្រទេសកម្ពុជាជិត៤ឆ្នាំ ដែលក្នុងរបបនោះមានពលរដ្ឋខ្មែរត្រូវ បានគេបង្ខិតបង្ខំឲ្យធ្វើការជាទំងន់ ហើយមនុស្សជិត ២លាននាក់ បានបាត់បង់ជិវិតដោយការកាប់សម្លាប់ពីរដ្ឋអំណាចនាសម័យនោះ៕