សមត្ថកិច្ចថៃបន្តផ្សព្វផ្សាយព័ត៌មានលម្អិតបន្ថែមជុំវិញការអះអាងថា អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានបណ្តេញចេញពីតំណែង បានរត់គេចចេញពីប្រទេស ដើម្បីរួចពីការកាត់ទោស ហើយថាការរត់គេចនោះ ឆ្លងកាត់ប្រទេសកម្ពុជា។
កាលពីថ្ងៃអង្គារម្សិលមិញ អគ្គស្នងការរងនគរបាលជាតិរបស់ថៃ លោក Srivara Ransibrahmanakul បង្ហាញ របាយការណ៍ស៊ើបអង្កេតរកឃើញថា លោកស្រី យីងឡាក់ រត់គេចចេញពីផ្ទះនៅក្នុងក្រុងបាងកកកាលពីថ្ងៃទី២៣ខែសីហា គឺមុនពីរថ្ងៃ នៃការសម្រេចសេចក្តីរបស់តុលាការកំពូល ជុំវិញរឿងក្តីចោទលោកស្រីថា ខ្ជះខ្ជាយក្នុងការគ្រប់គ្រងធ្វើឲ្យបាត់បង់លុយជាតិលើគម្រោងទិញស្រូវ។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។
នគរបាលថៃអះអាងទៀតថា លោកស្រី យីងឡាក់ បានប្រើប្រាស់រថយន្តចំនួនពីរក្នុងការរត់គេចខ្លួន គឺទី១ចាកចេញពីផ្ទះ និងដូររថយន្តមួយទៀត ធ្វើដំណើរទៅខេត្តស្រះកែវនៅព្រំដែន ជាប់ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ ពេលនេះនគរបាលថៃបានថ្លែងថា ពួកគេកំពុងតែស្វែងរកអ្នកដែលជួយសម្របសម្រួលឲ្យលោកស្រី យីងឡាក់ រត់គេចខ្លួន។
កាលពីខែសីហាកន្លងទៅមានការផ្សព្វផ្សាយថា លោកស្រី យីងឡាក់ បានគេចខ្លួនធ្វើដំណើរតាមរថយន្តតាមខេត្តត្រាតរបស់ថៃ ចូលដឹកដីកម្ពុជានៅខេត្តកោះកុង ហើយជិះយន្តហោះទៅសិង្ហបុរី រួចទើបបន្តដំណើរទៅកាន់ប្រទេស អារ៉ាប់រួម ជាកន្លែងដែលបងប្រុសរបស់លោកស្រីគឺ លោក ថាក់ស៊ីន កំពុងរស់នៅទីនោះ។ ទោះយ៉ាងណា អាជ្ញាធរកម្ពុជា អះអាងថា មិនមានករណីលោកស្រី យីងឡាក់ ឆ្លងកាត់ប្រទេសកម្ពុជានោះទេ។
ជុំវិញករណីលោកស្រី យីងឡាក់ នេះ ត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងថា ជានយោបាយដែលរដ្ឋាភិបាលយោធាថៃ ចង់ឲ្យលោកស្រី ចាកចេញពីប្រទេស ដើម្បីបន្ធូរភាពតានតឹងនយោបាយ ហើយបែរជាធ្វើសម្មភាពបំភាន់មហាជន តាមចាប់ខ្លួនទៅវិញ៕