រដ្ឋាភិបាលកម្ពុជា បានច្រានចោលការលើកឡើងរបស់ម្ចាស់កាសែត The Cambodia Daily អ្នកស្រី Deborah Krisher Steele ដែលបាននិយាយថា ស្វាមីរបស់អ្នកស្រីត្រូវបានបង្ខំឲ្យចុះហត្ថលេខាសុំទោស ជាថ្នូរទៅនឹងការរួចផុតពីការចាប់ខ្លួនពីសំណាក់អាជ្ញាធរកម្ពុជា។
ស្វាមីអ្នកស្រី Deborah Krisher Steele គឺលោក Douglas Eric Steele មិនត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យចាកចេញពីប្រទេសនេះនោះទេ កាលពីថ្ងៃទី០៥ ខែកញ្ញាកន្លងមក មួយថ្ងៃក្រោយពីកាសែត The Cambodia Daily បានសម្រេចផ្អាកដំណើរការរបស់ខ្លួន ដោយពុំបានបង់ពន្ធជាង ៦លានដុល្លារ ដូចទៅនឹងការបង្គាប់ពីរដ្ឋាភិបាលនោះ។
អ្នកស្រី Deborah Krisher Steele ត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់សម្ដីចុះផ្សាយថា ស្វាមីរបស់អ្នកស្រី ទទួលរងការបង្ខិតបង្ខំ និងត្រូវបង្ខំចិត្តចុះហត្ថលេខាលើលិខិតសុំទោសទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានចាត់ទុកជាថ្នូរទៅនឹងការរួចផុតពីការចាប់ខ្លួន។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅក្លឹបអ្នកកាសែតបរទេសនាទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែកញ្ញា អ្នកស្រី Deborah Krisher Steele បាននិយាយថា ជំនួយការអ្នកស្រីបានទូរស័ព្ទយ៉ាងប្រញាប់ប្រញាល់ទៅប្រាប់អ្នកស្រីនៅថ្ងៃទី៩ ខែកញ្ញា នោះថា មានគេគំរាមឲ្យអ្នកស្រីចុះហត្ថលេខាលើលិខិតសុំទោសលោក ហ៊ុន សែន ជាបន្ទាន់ បើមិនដូច្នេះទេ គេនឹងចាត់ការស្វាមីអ្នកស្រី។
ប៉ុន្តែ ក្នុងលិខិតបំភ្លឺកកាលពីថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ អគ្គនាយកដ្ឋានពន្ធដារ បានបដិសេធថា មិនបានបង្ខំម្ចាស់កាសែតលោក Douglas Eric Steele ឲ្យសរសេរលិខិតសុំទោសលោក ហ៊ុន សែន នោះឡើយ ដោយថា ស្ថាប័ននេះ មិនដែលបានសរសេរ ឬបញ្ជាឲ្យចាប់ខ្លួន ឬបង្ខំឲ្យចុះហត្ថលេខាលើលិខិតសុំទោសណាមួយនោះទេ។
អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ម្ចាស់កាសែត The Cambodia Daily និងជំនួយការរបស់ខ្លួនគួរតែបង្ហាញអត្តសញ្ញាណជនដែលគំរាមនោះ ដើម្បីឲ្យសមត្ថកិច្ចមានអំណាចចាត់ការតាមផ្លូវច្បាប់។
សេចក្ដីបំភ្លឺបន្តថា ការដាក់លិខិតទៅកាន់លោក ហ៊ុន សែន ជារឿងបុគ្គលរបស់ម្ចាស់កាសែត The Cambodia Daily មិនពាក់ព័ន្ធនឹងការជាប់ពន្ធនោះទេ ហើយបញ្ហាវិវាទសារពើពន្ធត្រូវតែដោះស្រាយជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ មិនមែនជាការសម្របសម្រួលតាមរយៈលិខិតសុំទោស លោក ហ៊ុន សែន ឬស្នើរអន្តរាគមន៍ពីស្ថានទូត ឬអង្គការសហប្រជាជាតិទេ។
វិវាទដ៏ចម្រូងចម្រាស់រវាងកាសែត The Cambodia Daily និងរដ្ឋាភិបាលកម្ពុជា បានកើតឡើងជុំវិញបញ្ហាពន្ធតម្លៃជាង ៦លានដុល្លារ ដែលរដ្ឋាភិបាលកម្ពុជាចោទថា កាសែតភាសាអង់គ្លេសមួយនេះ បានជំពាក់រដ្ឋនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយមកនេះ។
ជុំវិញបញ្ហាពន្ធដ៏ចម្រូងចម្រាស់នេះ កាសែត The Cambodia Daily បានសម្រេចផ្អាកដំណើរការរបស់ខ្លួនកាលពីថ្ងៃទី០៤ ខែកញ្ញា ចំថ្ងៃឱសានវាទដែលត្រូវបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការបង់ពន្ធ ឬក៏ប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិ ហើយចាកចេញពីប្រទេសកម្ពុជា៕