ជនជាតិចិន ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃនេះ ដោយត្រូវបានសង្ស័យថា បានប្រព្រឹត្តឧក្រិដ្ឋកម្មចាប់ជំរិតទារប្រាក់តាមអ៊ីនថឹណិតឆ្លងដែនចេញពីកម្ពុជា។ នេះដោយយោងតាមរបាយការណ៍នគរបាលជាតិកម្ពុជា។
របាយការណ៍ដែលផ្សាយលើវេបសាយនគរបាលជាតិ បានឲ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិន ៥០នាក់ ក្នុងនោះមានស្រី ៧នាក់ និងរកឃើញថា បានស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងចាប់ជំរិតតាមទារប្រាក់តាមប្រព័ន្ធអ៊ីនថឹណិតពីជនជាតិចិន។
នគរបាលជាតិ បន្តថា ជនជាតិចិនទាំងនោះ ត្រូវបានឃាត់ខ្លួននៅទីតាំងចំនួន ៣កន្លែងផ្សេងគ្នា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លើកឡើងក្នុងទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ នាយរងការិយាល័យគ្រប់គ្រងជនបរទេស លោក អ៊ា ភក្តី បានឲ្យដឹងថា ជនជាតិចិននោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី៕
កម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិចិនជាបន្តបន្ទាប់ ទៅប្រទេសកំណើតរបស់ពួកគេវិញ បន្ទាប់ពីរកឃើញថា បានស្នាក់នៅដោយខុសច្បាប់នៅកម្ពុជា និងបានប្រព្រឹត្តឧក្រិដ្ឋកម្មជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនថឹណិតចេញពីប្រទេសកម្ពុជា៕