ក្រសួងការបរទេសកម្ពុជា បានប្រកាសឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន គ្រោងនឹងទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជជាតិ នៅទីក្រុងញូវយ៉ក នៅសប្ដាហ៍ក្រោយនេះ។
ក្នុងសេចក្ដីជូនព័ត៌មានមួយចុះថ្ងៃទី១៧ ខែកញ្ញានេះ ក្រសួងការបរទេស បាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន នឹងចាកចេញពីកម្ពុជាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ដើម្បីចូលរួមក្នុងសម័យប្រជុំលើទី ៧២ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។
បើតាមសេចក្ដីជូនព័ត៌មានដដែលនេះ លោក ប្រាក់ សុខុន នឹងថ្លែងនៅក្នុងកិច្ចប្រជុំនោះ អំពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ភេរវកម្ម បញ្ហាតំបន់ បញ្ហាអន្តរជាតិដែលជាការព្រួយបារម្ភរួម និងការវិវត្តនាពេលថ្មីៗនៅកម្ពុជា។
សេចក្ដីជូនព័ត៌មានបន្ថែមថា ក្រៅពីកិច្ចប្រជុំសន្និបាតនោះ ប្រមុខកាទូតកម្ពុជា ក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយនឹងតំណាងប្រទេសគុយបា កូឡុំប៊ី ប្រេស៊ីល ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយក្នុងនោះក៏មានការចុះហត្ថលេខាជាមួយនឹងប្រទេសប្រេស៊ីល ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និង ចុះកិច្ចព្រមព្រៀងជាមួយនឹងសាធារណៈរដ្ឋកូឡុំប៊ី ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ៕