អង្គការអន្តរជាតិចំនួនពីរ បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថា ការប៉ុនប៉ងរំលាយគណបក្សសង្រ្គោះជាតិ ជាការសម្លាប់ប្រជាធិបតេយ្យ និងផ្លាស់ប្ដូរកម្ពុជា ទៅកាន់របបផ្ដាច់ការ។
កាលពីថ្ងៃសុក្រម្សិលមិញ ក្រសួងមហាផ្ទៃ សម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីសុំរំលាយគណបក្សប្រសង្គ្រោះជាតិ យោងទៅលើភស្ដុតាងវីឌីអូឃ្លីបចំនួន៣ និងភស្ដុតាងមួយចំនួនទៀត ដែលក្រសួងចោទថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឃុបឃិតជាមួយបរទេស និងជំរុញឲ្យមានចលនាបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល ដោយថា បានជ្រកក្រោមពាក្យស្លោកនយោបាយ «ការផ្លាស់ប្ដូរជាវិជ្ជមាន» ដើម្បីបំផុសបំផុល ឲ្យប្រជាពលរដ្ឋស្អប់រដ្ឋាភិបាលបច្ចុប្បន្ន។
បន្ទាប់ពីដាក់ពាក្យបណ្ដឹងនោះ អង្គការអន្តរជាតិចំនួនពីរ គឺអង្គការ Global Witness និងអង្គការ Human Rights Watch បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ថ្កោលទោសរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន។
នាយករងប្រចាំតំបន់អាស៊ី នៃអង្គការ Human Rights Watch លោក Phil Robertson បានចេញសេចក្តីថ្លែងការណ៍លើកឡើងថា ការបកស្រាយរបស់រដ្ឋាភិបាល ជុំវិញករណីប្រធានគណបក្សប្រឆាំងលោក កឹម សុខា កំពុងដឹកនាំបដិវត្តន៍ពណ៌គឺជាផ្នែកមួយផ្សេងទៀត នៃការជំរុញខាងនយោបាយប្រជាភិថុតិ ដើម្បីបង្ហាញពីភាពត្រឹមត្រូវ ចំពោះការបង្ក្រាបលើអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល។
លោក Phil Robertson បន្តថាការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ គឺអាចទៅរួច ព្រោះតុលាការជាន់ខ្ពស់ត្រូវបានគ្រប់គ្រងដោយបក្សកាន់អំណាច ហើយចៅក្រមនឹងអនុវត្តយ៉ាងច្បាស់លាស់ តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់បង្ហាញដល់ពិភពលោក តាមរយៈការផ្លាស់ប្តូរខ្លួនឯង ទៅជាអ្នកផ្តាច់ការមួយ។
មន្ត្រីស្រាវជ្រាវនៃអង្គការ Global Witness លោកស្រី អែមម៉ា ប៊ើណែត (Emma Burnett) ឲ្យដឹងដែរថា ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងនៅកម្ពុជា ជាការផ្តួចផ្ដើមពីក្រុមអ្នកមានអំណាច និងមានទ្រព្យ ដែលជាជនពុករលួយ មួយក្ដាប់តូច ដើម្បីបន្តក្រាញអំណាច និងរក្សាទ្រព្យសម្បត្តិ ដែលធ្វើឲ្យរងទុក្ខដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
លោកស្រី អែមម៉ា ប៊ើណែត ឲ្យដឹងទៀតថា សហគមន៍អន្តរជាតិ មិនអាចព្រងើយកន្តើយ និងឈរឱបដៃមើល ប្រទេសកម្ពុជា ដែលរអិលធ្លាក់ទៅក្នុងជ្រោះ នៃរបបផ្ដាច់ការបែបនេះ បាននោះទេ។ ដូច្នេះ លោកស្រីថា ប្រទេសម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មរបស់កម្ពុជា ត្រូវបង្ហាញឥទ្ធិពល ដើម្បីជួយអន្តរាគមន៍ក្នុងរឿងនេះ។
លោកស្រី អែមម៉ា ប៊ើណែត បន្ថែមថា៖ «ការថ្កោលទោសអន្តរជាតិ ពីការវាយប្រហាររបស់រដ្ឋាភិបាល ទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយសេរី និងសង្គមស៊ីវិល ហាក់មិនមានប្រសិទ្ធភាព។ អំណាចទឹកលុយ មានឥទ្ធិពលជាងពាក្យសម្ដី។ ដូច្នេះ មានតែការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ ទើបអាចមានប្រសិទ្ធភាពខ្ពស់»។
តំណាងអង្គការអន្តរជាតិទាំងពីរ បានជំរុញសហគមនអន្តរជាតិ និងម្ចាស់ជំនួយមានសហរដ្ឋអាមេរិក សភាពអឺរ៉ុប និងជប៉ុនពិចារណាកាត់ជំនួយផ្សេងៗ ទាំងជំនួយបច្ចេកទេសក្នុងការរៀបចំការបោះឆ្នោត និងដាក់ទណ្ឌកម្មជាបន្ទាន់ ទៅលើរដ្ឋាភិបាល ដើម្បីបង្ខំឲ្យបញ្ឈប់ការនាំប្រទេសកម្ពុជាទៅរកភាពផ្ដាច់ការដូច្នេះ។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានសហគមន៍អន្តរជាតិឲ្យបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា រដ្ឋាភិបាលធ្វើបច្ចុប្បន្ននេះ ជាការអនុវត្តន៍ច្បាប់ ដើម្បីការពារសន្តិភាព៕