ផ្ទុយពីការសរសើរ ដែលធ្លាប់គេឮក្នុងពេលកុមារា ពេជ្រ ថៃ បង្ហាញខ្លួនក្នុងកម្មវិធី The Voice Kids Cambodia ស្រាប់តែមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដីទៅវិញ នៅពេលកុមារារូបនេះ ឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី៧ខែតុលា ហើយបានទៅប្រកួតបន្តនៅវគ្គផ្ដាច់ព្រ័ត្រ។
ក្នុងចំណោមអ្នករិះគន់យ៉ាងចាស់ដៃ នៅលើហ្វេសប៊ុក អ្នកនាង ស៊ុនណារី ម៉ូនីកា ដែលជាតារារៀមច្បងម្នាក់ដែរ ក៏បានចេញមុខរិះគន់ផងដែរ។ អ្នកនាង ស៊ុនណារី ម៉ូនីកា និយាយថា អ្នកនាងមិនស្អប់ខ្ពើមចំពោះបេក្ខជន ពេជ្រ ថៃ នោះទេ ប៉ុន្តែអ្នកនាង ទទួលយកមិនបាន ក្នុងពេលដែលកូនក្រុមរបស់លោក ព្រាប សុវត្ថិ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៣ទៀត សុទ្ធតែមានសំឡេងល្អជាងដាច់។
អ្នកនាង បានបង្ហាញអារម្មណ៍មិនជឿថាកុមារា ពេជ្រ ថៃ ត្រូវបានអ្នកគាំទ្របោះឆ្នោតអោយមានសំលេងឆ្នោតនាំមុខគេទៅកាន់វគ្គផ្ដាច់ព្រ័ត្រនោះទេ ក្នុងពេលដែលកម្មវិធីទាំងមូល ក៏មិនបានបង្ហាញអោយឃើញពីតួលេខ អ្នកបោះឆ្នោតជាដ្យាក្រាមនៅលើអេក្រង់ទូរទស្សន៍ជាសាធារណៈ។ ក្នុងនោះ អ្នកនាងថា បើពិតជាអ្នកទស្សនាបោះឆ្នោតអោយ ពេជ្រ ថៃ បានជាប់ ហើយមើលរំលងអ្នកពូកែប្រាកដមែន គឺជារឿងអាម៉ាស់ណាស់ ដែលអ្នកមានសំឡេងល្អ ត្រូវធ្លាក់ចង់អស់ ហើយបែរជាអោយកូនក្មេងដែលពូកែកំប្លុកកំប្លែង ហើយមានទឹកដមសំឡេងចាញ់ប្រៀបគេ បានជាប់។
អ្នកនាងថា អ្នករៀបចំកម្មវិធី គួរតែយកសំឡេងឆ្នោតពីអ្នកគាំទ្រ មកបូកផ្សំ នឹងទឹកដមសំឡេងពីការដាក់ពិន្ទុរបស់អ្នកចេះជំនាញវាយតម្លៃភាគច្រើន ដោយមិនអាចពឹងតែលើការបោះឆ្នោតមួយមុខបានទេ។ អ្នកនាងថា គឺជារឿងអាម៉ាសណាស់ ដែលកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយទាំងមូល តែអ្នកសំឡេងល្អត្រូវបានធ្លាក់ចេញ ហើយក្មេងដែលគ្រាន់តែចេះតែកំប្លែងធ្វើកម្មវិធីសប្បាយ បែរជាជាប់គ្រប់វគ្គ ដោយសូម្បី តែពេលច្រៀងជម្រុះក្នុងក្រុមមុនវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏អ្នកនាងថា ច្រៀងមិនល្អ ដូចអ្នកធ្លាក់នាពេលនោះដែរ។
អ្នកនាងថា អ្នកនាង ក៏អាណិត ពេជ្រ ថៃ នោះដែរ ដោយសារតែគេជាក្មេងក្រីក្រ ហើយមានរាងកាយក្រិនទៅទៀត ប៉ុន្តែអ្នកនាងមិនគាំទ្រទេ ដែលការប្រលង The Voice Kids Cambodia បែរជាផ្ដល់ពិន្ទុលើការអាណិត និងការសរសើរ លើភាពកំប្លុកកំប្លែងរបស់ក្មេង ហើយមិនមើលពីសមត្ថភាពល្អៗ របស់កុមារាកុមារីផ្សេងទៀត។
អ្នកនាងទទូចអោយកម្មវិធីនេះ ធ្វើការជ្រើសរើសអោយបានម៉ត់ចត់ឡើងវិញ ដើម្បីកុំអោយមានការរិះគន់ និងដើម្បីតំណាង The Voice Kids របស់កម្ពុជាចូលគេ មិនចុះក្រោយពេលកាន់ពាន។ អ្នកនាងបញ្ជាក់ថា ពេជ្រ ថៃ មិនមែនតូចតាចនោះទេ គឺគេអាយុ១២ឆ្នាំ បងៗកុមារា ដែលមានសំឡេងល្អផ្សេងទៀតនោះទេ ទើបអ្នកនាងថា សមត្ថភាពកំប្លុកកំប្លែងរបស់គេដែលគេហ៊ានបានល្អ គឺបណ្ដាលមកពីគេអាយុច្រើនគួរសមធៀបនឹងបេក្ខជនបេក្ខនារីផ្សេងទៀត ដែលមានអាយុទើបតែ១០ឆ្នាំ និងខ្លះក្រោមនេះ។
អ្នកនាងនៅតែបង្ហាញការរិះគន់ដែលកុមារា ពេជ្រ ថៃ បន្តជាប់ ហើយកុមារា និងកុមារីផ្សេងទៀត បែរជាធ្លាក់ចង់អស់ ក្នុងពេលដែលអ្នកនាងយល់ថា សមត្ថភាពជាក់ស្ដែង គឺអ្នកធ្លាក់ក្រោមដៃ ពេជ្រ ថៃ មានទឹកដមសំឡេងល្អជាង។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថា អ្វីដែលបានលើកឡើង គឺដោយសារតែអ្នកនាងសោកស្ដាយអ្នកមានសមត្ថភាពផ្សេងទៀត ដែលធ្លាក់ចង់អស់ព្រោះតែអ្នកគាំទ្របន្តបោះឆ្នោតដោយផ្ដោតលើការអាណិតនិងការចូលចិត្តរឿង ពេជ្រ ថៃ ពូកែក្រមិចក្រមើមនោះតែប៉ុណ្ណោះ។
អ្នកនាងថា កម្មវិធីប្រលងចម្រៀង The Voice Kids Cambodia មិនមែនជាការប្រលងបែបច្រៀងកំប្លែង ឬប្រលងនិយាយនោះទេ គឺជាការប្រលងជ្រើសរើសអ្នកមានសំឡេងល្អ អ៊ីចឹងហើយទើបអ្នកនាង នៅតែអះអាងថា វត្តមានឈានឡើងរបស់កុមារា ពេជ្រ ថៃ គឺមិនខុសពីទម្លាក់អ្នកមានសមត្ថភាពពិតប្រាកដអោយធ្លាក់ហាលអាវ មិនសមនឹងប្រលងចម្រៀងដ៏ធំមួយនេះ។
អ្នកនាងថា ថៃ ពេជ្រ ក៏មានសមត្ថភាពច្រៀងល្អផងដែរ ប៉ុន្តែទឹកដមសំឡេងរបស់គេ មិនអាចទម្លាក់គូប្រកួតដែលបានធ្លាក់ចេញបានទេ ដោយអ្នកនាងលើកឧទាហរណ៍ថា ធៀបនឹងទឹកដមសំឡេងរបស់កុមារា លីគ័ង ដែលស្ថិតក្នុងក្រុមតែមួយ គឺ លីគ័ង ល្អជាង និងចេះបត់បែនសំឡេង បានប្រសើរជាងដាច់ឆ្ងាយ។
ប៉ុន្តែអ្នកនាងសរសើរថា ពេជ្រ ថៃ ជាក្មេងក្លាហាន និងចេះលេងសើច អមដោយភាពកំប្លុកកំប្លែង ដែលចំណុចទាំងនោះក៏ពិបាករកផងដែរ បើទោះជាគេមានអាយុដល់១២ឆ្នាំ ដែលអ្នករិះគន់ភាគច្រើនអះអាងថាគេចេះលែងសើច និងក្លាហាន គឺដោយសារតែគេមានអាយុចាស់ទុំទៅហើយ ដែលផ្ទុយពីបេក្ខជនផ្សេងទៀត ដ្បិតថា ធំៗខ្ពស់ជាង ពេជ្រ ថៃ មែន តែអាយុទើបតែ១០ឆ្នាំ និងក្រោមនេះ លើកលែងតែកុមារីមួយចំនួន ដែលមានអាយុដល់១៤ឆ្នាំ។
លោក អ៊ឹង សុខលី អគ្គនាយករងទូរទស្សន៍ហង្សមាស ជាអ្នកដឹកនាំការផលិតកម្មវិធី The Voice Kids Cambodia ដែលត្រូវគេអះអាងថា ជាគូដណ្ដឹងលាក់មុខរបស់ ឱក សុគន្ធកញ្ញា បានអះអាងថា លោកមិនភ្ញាក់ផ្អើលចំពោះការរិះគន់ពីអ្នកគាំទ្រនោះទេ ដោយសារតែអ្នកគាំទ្រខ្លះស្រឡាញ់ពេញចិត្តអ្នកនេះ ហើយអ្នកខ្លះពេញចិត្តអ្នកនោះ ដែលលោកបានហៅការរិះគន់នោះថា គឺមិនអាចផ្គាប់ទឹកចិត្តបងប្អូនម្នាក់ៗទៅបាន។ លោកបានពន្យល់ថា អ្នកដែលបានជាប់ដោយសំឡេងសារ គឺបណ្ដាលមកពីអ្នកបោះឆ្នោតជាអ្នកសម្រុកផ្ញើសារបោះឆ្នោតអោយតែប៉ុណ្ណោះ គឺមិនមែនបញ្ហារបស់អ្នករៀបចំកម្មវិធី និងជាកំហុសរបស់គ្រូបង្វឹកនោះទេ។
ក្នុងនោះ ចំពោះការជ្រើសរើសបេក្ខជនបេក្ខនារីមួយរូបអោយទៅប្រលងក្នុងវគ្គផ្ដាច់ព្រ័ត្របន្ថែម ពីលើអ្នកជាប់ដោយសំឡេងផ្ញើសារ ក៏ជាសម្រេចចិត្តរបស់គ្រូបង្វឹកដោយមិនមែនជាការតម្រូវរបស់កម្មវិធីនោះដែរ។ លោក បានបង្ហាញការស្វាគមន៍ចំពោះការរិះគន់ ដោយចាត់ទុកថា កម្មវិធីមួយឬការផលិតបទចម្រៀងមួយ បូករួមទាំងការរិះគន់ចំពោះលោក ខេមរៈ សិរីមន្ត ផង គឺសុទ្ធតែជាសញ្ញាវិជ្ជមាន ដែលបណ្ដាលមកពីស្នាដៃទាំងនោះ មានភាពទាក់ទាញ។
លោកថាមនុស្ស១០ ចិត្ត១០ ហើយការប្រលងចម្រៀងមួយ ដែលឈានដល់វគ្គសំខាន់បែបនេះ គឺទោះជាអ្នកបោះឆ្នោតជ្រើសរើសអ្នកណា ឬគ្រូបង្វឹកជ្រើសរើសអ្នកណាអោយបានទៅប្រលងក្នុងវគ្គផ្ដាច់ព្រ័ត្រ ក៏នៅតែមានការរិះគន់នោះដែរ ដោយសារតែភាពជាក់ស្ដែងគឺបេក្ខជនបេក្ខនារីម្នាក់ៗ ដែលឈានមកដល់វគ្គនេះសុទ្ធតែមានសមត្ថភាព ហើយមានអ្នកគាំទ្រស្រឡាញ់ពេញចិត្តរៀងខ្លួន។
សូម្បីតែការរិះគន់ចំពោះតារាចម្រៀង លោក ខេមរៈ សិរីមន្ត ពាក់ព័ន្ធនឹងម៉ូដសក់ និងបទចម្រៀងដែលទើបចេញនៅហង្សមាសមុននេះ ក៏លោកបញ្ជាក់ថា កើតចេញពីការចាប់អារម្មណ៍គាំទ្រខ្លាំងផងដែរ ទើបឈានដល់ការរិះគន់។ លោកនៅតែយល់ថាបើការផលិតអ្វីមួយ មានការរិះគន់កាន់តែច្រើន និងកាន់តែធ្វើអោយស្នាដៃទាំងនោះល្បីល្បាញ ប៉ុន្តែលោកថា នឹងស្ដាប់នូវអ្វីដែលជាការទាមទាររបស់មហាជន ដើម្បីកុំអោយកម្មវិធីមួយ ដែលបានផលិតឡើង មិនទទួលផលអវិជ្ជមាន។
លោកថា វាមិនមែនជាលើកទី១ទេ ដែលហង្សមាស បានធ្វើកម្មវិធីល្អៗ ហើយមានការអ្នករិះគន់ពីអ្នកគាំទ្រជាពិសេសក្នុងវគ្គដែលត្រូវប្រកួតប្រជែងកៀកបញ្ចប់។ លោកនៅតែលើកឡើងថាការរិះគន់គឺសិទ្ធិរបស់អ្នកគាំទ្រ ហើយលោក នឹងទទួលយកការកែលម្អតែចំណុចណាដែលកម្មវិធីធ្វើបានប៉ុណ្ណោះ សម្រាប់ការកំណត់អោយបេក្ខជននេះឡើង ឬបេក្ខជននោះឡើង គឺដូចជាការណីការបោះឆ្នោតអោយអ្នកនេះជាប់ និងអ្នកនោះជាប់ គឺលោកថា ប្រកាសថាលើសពីការគ្រប់គ្រងរបស់លោក៕