នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានរំឭកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆ្លងជំងឺផ្តាសាយធំ នៅក្នុងរដូវភ្លៀងធ្លាក់នេះ។
សេចក្តីប្រកាសរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងកាលពីថ្ងៃទី៩ខែតុលាឲ្យដឹងថា ជំងឺផ្តាសាយធំកំពុងតែកើតមាន និងឆ្លងរាលដាល ប៉ុន្តែថាមិនមានចំនួនច្រើនប៉ុន្មានទេ។
លក្ខណៈសំគាល់នៃជំងឺផ្តាសាយធំនាយកដ្ឋាននេះបានប្រាប់ពីលក្ខណៈរួមមាន គ្រុនក្តៅ លើសពី៣៨,៥អង្សាសេ មានក្អក ឈឺក និងករណីខ្លះអាចហត់។ ចំណែកវិធីសាស្ត្រព្យាបាលនាយកដ្ឋាននេះណែនាំ ប្រើថ្នាំបញ្ចុះកម្តៅ ផឹកទឹកឲ្យបានច្រើន គេងគ្រប់គ្រាន់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិពិសេសវីតាមីនសេជាដើម។
ក្រសួងណែនាំឲ្យទៅពិគ្រោះជាមួយគ្រូពេទ្យបើសិនជា ធ្វើតាមវិធីសាស្ត្រខាងលើបីថ្ងៃមិនធូរស្រាលឬ អាចទាក់ទងសួរព័ត៌មានតាមលេខប្រចាំការ ១១៥៕