លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យគ្រូបង្រៀនពង្រឹងការអប់រំផ្នែកសីលធម៌ ដល់សិស្សានុសិស្ស កុំឲ្យមាន ការប្រមាថមើលងាយគ្នា ឬប្រើឥទ្ធិពលក្រុមគ្រួសារ ទៅធ្វើបាបសិស្សដែលរៀនសូត្រក្នុងសាលាជាមួយគ្នា។
លោក ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រមាណ ៤២៦នាក់ នាព្រឹកថ្ងៃទី១៤ ខែតុលានេះ ដោយថា លោកស្អប់កូនអ្នកមានប្រាក់និងមានអំណាច ដែលយកអំណាចទឹកលុយ ពីឪពុកម្តាយទៅធ្វើបាប ឬជិះជាន់កូនអ្នកក្រីក្រ។
លោក ហ៊ុន សែន លើកឡើងថា «ខ្ញុំខ្លាចជាងគេ ខ្លាចកូនរបស់ខ្ញុំ វាប្រើប្រាស់អំណាចឪពុករបស់វា។ ឥឡូវដល់ដំណាក់កាលចៅ ចៅចូលសាលាទាំងអស់ ពេលខ្លះតាមទៅមើលដល់សាលា ចឹងធ្វើម៉េចនៅក្នុងសាលា នៅគ្រប់ទីកន្លែងទាំងអស់មិនត្រូវឲ្យមានការរើសអើងបែងចែក ហើយការរើសអើងពីកូនអ្នកមានអំណាច និងការរើសអើងពីកូនអ្នកមានទឹកប្រាក់ ចំពោះកូនអ្នកក្រីក្រ មិនត្រូវទទួលការស្វាគមន៍ពីសំណាក់សង្គមទេ»។
លោក ហ៊ុន សែន លើកឡើងបែបនេះដោយថាលោកធ្លាប់ជួបបទពិសោធន៍នៃការប្រមាថមើលងាយនេះពីកូនអ្នកមានលុយ និងអំណាច កាលពីលោកនៅជាក្មេងវត្ត ហើយលោកជំរុញឲ្យមានការកែប្រែស្ថានភាពបែបហ្នឹងចេញពីសង្គមខ្មែរ៕