គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបើកការិយាល័យជំនួយផ្នែកច្បាប់ ដល់ជនក្រីក្រ ដែលមិនមានលទ្ធភាពស្វែងរកមេធាវី ក្នុងការតតាំងក្តីនៅតុលាការ។
ជំនួយផ្នែកច្បាប់ ជាជំនួយមួយ ដែលជួយផ្នែកច្បាប់ជូនដល់ជនក្រីក្រ និងជនងាយរងគ្រោះដែលទាមទារឲ្យមានការជ្រោមជ្រែងដោយមេធាវី ការប្រឹក្សាយោបល់ផ្នែកច្បាប់ ជួយភ្ជាប់បញ្ហារបស់ពលរដ្ឋជាមួយអ្នកដែលអាចជួយពួកគេបាន និងការអប់រំច្បាប់សម្រាប់សហគមន៍ជាដើម ដែលជំនួយទាំងនេះ ជាកាតាព្វកិច្ចរបស់រដ្ឋាភិបាល។
ប្រធានគណៈមេធាវីកម្ពុជាលោក សួន វិសាល បានថ្លែងក្នុងមហាសន្និបាតគណៈមេធាវីប្រចាំឆ្នាំ២០១៧ នៅព្រឹកនេះថា រហូតមកដល់ពេលនេះ មានមេធាវីចុះឈ្មោះក្នុងបញ្ជី ដើម្បីជួយការពារដល់ជនក្រីក្រនៅទូទាំងប្រទេសមាន ចំនួន២០០នាក់ហើយ នឹងត្រូវដាក់ឲ្យមាននៅតាមការិយាល័យនៅទូទាំងប្រទេស។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
លោក សួន វិសាលថា ការិយាល័យមេធាវីទាំងនេះ នឹងត្រូវដាក់នៅតាមសាលាដំបូងខេត្តរាជធានីទាំងអស់ ដើម្បីផ្តល់សេវាជូនពលរដ្ឋ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ធ្លាប់បានលើកឡើងថា ការបង្កើតមណ្ឌលសេវាយុត្តិធម៌នេះ នឹងជួយដោះស្រាយបញ្ហាវិវាទនៅតុលាការបានច្រើន និងជួយបន្ថូរបន្ទុករបស់តុលាការផងដែរ។
លោកថា៖ «ហើយមណ្ឌល សេវាយុត្តិធម៌របស់យើងផ្តល់ប្រឹក្សាផ្នែកច្បាប់ហ្នឹងដែរ ធ្វើការសម្រុះសម្រួលរឿងក្តីហ្នឹងដែរដោយមិនចាំបាច់ឲ្យគាត់ទៅតុលាការ។ អាហ្នឹង ជាការសម្រុះសម្រួលជួយដោះស្រាយវិវាទនៅតុលាការបានច្រើន ជួយដោះស្រាយទំនាស់ និងដោះស្រាយបញ្ហាផ្សេងៗក្នុងសង្គមហ្នឹង ក៏ប៉ុន្តែមណ្ឌលយើងនៅមានកម្រិតទេ។ នៅទូទាំងប្រទេស យើងមានតែ៤០ទេ អញ្ចឹងវា មិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ តែនៅថ្ងៃមុខ យើងពង្រីកមណ្ឌលសេវាយុត្តិធម៌នេះឲ្យគ្រប់ក្រុង គ្រប់ស្រុក គ្រប់ខណ្ឌ ក្នុងរាជធានីខេត្តទាំងអស់ រួមទាំងខេត្តដាច់ស្រយាលអញ្ចឹងពលរដ្ឋគាត់អាចទទួលបានព័ត៌មាន ទទួលបានប្រឹក្សា ទទួលបានការសម្រុះសម្រួលដោយប្រសិទ្ធភាពខ្ពស់»។
ទោះជាយ៉ាងណា ប្រធានផ្នែកស៊ើបអង្កេតអង្គការលីការដូ លោក អំ សំអាត ធ្លាប់បានលើកឡើងថា ប្រសិនជាប្រព័ន្ធតុលាការនៅកម្ពុជា នៅតែគ្មានភាពឯករាជ្យនោះទេ ការរៀបចំនេះនៅតែមិនអាចគ្រប់ស្តង់ដារយុត្តិធម៌មួយ ដែលអាចផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋបាននៅឡើយ។
លោកថា៖ «យើងនិយាយថ្ងៃនេះ ក្នុងគោលនយោបាយនោះ គឺចង់បានជា ប្រព័ន្ធយុត្តិធម៌ដែលមានស្តង់ដារ។ អញ្ចឹងវាទាល់តែប្រព័ន្ធយុត្តិធម៌ ឬ ក៏ប្រព័ន្ធតុលាការយើងហ្នឹង មានការកែទម្រង់ ឲ្យទៅជាប្រព័ន្ធដែលមានទំនុកចិត្តពីប្រជាពលរដ្ឋ ហើយគួបផ្សំជាមួយការផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ ប្រជាពលរដ្ឋផង អាហ្នឹងបានប្រព័ន្ធយុត្តិធម៌ យើងហ្នឹងវាមានស្តង់ដារបានហើយប្រជាពលរដ្ឋមានទំនុកចិត្ត»។
បើតាម AKP អគ្គលេខាធិការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ មានសំណុំរឿងជន ក្រីក្រប្រមាណជាង ២ ០០០ករណី ត្រូវបានគណៈមេធាវីដោះស្រាយ និងការពារក្ដី ខណៈថវិការ ៩០០លានរៀល នឹងត្រូវរដ្ឋាភិបាលផ្តល់ជូនគណៈមេធាវីសម្រាប់ការពារក្តីដល់ជនក្រីក្រ ក្នុងឆ្នាំ២០១៨ ខាងមុខ៕