របាយការណ៍មួយបង្ហាញថា កម្ពុជានៅតែស្ថិតនៅក្នុងចំណោមប្រទេសមានកម្រិតភាពស្រេកឃ្លាន «ធ្ងន់ធ្ងរ» បើទោះបីជាពិន្ទុនៃភាពស្រេកឃ្លានក្នុងចំណោមប្រជាជនរបស់ប្រទេសនេះ បានធ្លាក់ចុះក៏ដោយនៅក្នុងរយៈជិតមួយទសវត្សរ៍ចុងក្រោយនេះ។ នេះដោយយោងតាមរបាយការណ៍សន្ទស្សន៍ភាពស្រេកឃ្លានសកល ចេញដោយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយស្បៀងអាហារអន្តរជាតិ ហៅកាត់ថា IFPRI កាលពីថ្ងៃទី១២ ខែតុលាកន្លងមកថ្មីៗនេះ។
របាយការណ៍ដែលចេញដោយស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិកនោះ បានបង្ហាញថា សន្ទស្សន៍ភាពស្រេកឃ្លានកម្ពុជា បានធ្លាក់ចុះពី ២៧.១ពិន្ទុ នៅឆ្នាំ២០០៨ មកនៅ ២២.២ពិន្ទុ នៅឆ្នាំ២០១៧នេះ។
ពិន្ទុកាន់តែតូចបែបនេះ ឆ្លុះបញ្ចាំងថា កម្រិតភាពស្រេកឃ្លានក្នុងចំណោមប្រជាជនកម្ពុជា កាន់តែល្អប្រសើរឡើង គិតចាប់តាំងពីឆ្នាំ១៩៩២មក ប៉ុន្តែ កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសមានកម្រិតភាពស្រេកឃ្លាន «ធ្ងន់ធ្ងរ» ដែលវាយតម្លៃដោយស្ថាប័ន IFPRI។
ផ្អែកតាមកម្រិតសន្ទស្សន៍នេះ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ ៧៥ នៅក្នុងចំណោមប្រទេស ១១៩ ដែលសិក្សាដោយស្ថាប័នខាងលើ ពោលគឺកម្ពុជាមានចំណាត់ល្អប្រសើរជាងប្រទេសឡាវ និងភូមាតែប៉ុណ្ណោះ។
អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធាន អង្គភាពសន្តិសុខ ស្បៀង និងអាហាររូបត្ថម្ភកម្ពុជា លោក សុខ ស៊ីឡូ ថា លោកមិនទាន់អាចឆ្លើយតបចំពោះរបាយការណ៍ នេះបាននៅឡើយទេដោយលោកថាលោកមិនទាន់បានដឹងពីរបាយការណ៍នេះនៅឡើយ។
លោកថា៖ « ខ្ញុំដឹងព្រោះខ្ញុំអត់បានមើលរបាយការណ៍ហ្នឹងផង ខ្ញុំអត់ទាន់ដឹងទេព្រោះខ្ញុំនៅជាប់ប្រជុំ »។
នាយកអង្គការសេដាកលោកសម វិទូ មានប្រសាសន៍ថា របាយការណ៍របស់វិទ្យាស្ថានស្រាវ ជ្រាវគោលនយោ បាយស្បៀង អាហារអន្តរជាតិនេះអាចទទួលយកបាន ដោយថាបើពិនិត្យទៅលើរបបអាហាររបស់ប្រ ជាពលរដ្ឋ មួយចំនួនគឺមិនទាន់គ្រប់ស្តង់ដារនៅឡើយ។
លោកថា៖«គេកំណត់ទៅលើរបបអាហារមានន័យថាតើរបបអាហាររបស់គាត់ហ្នឹងមានប៉ុន្មានប្រភេទនៅក្នុងរបបអាហារមួយពេលៗរបស់គាត់ហ្នឹង! ហើយអាហារហ្នឹងអីខ្លះ ឧទាហរណ៍ដូចជាអាហារថាមពល អាហារសម្រាប់ ការលូតលាស់ដូចជាប្រូតេអ៊ីន ឬក៏អាហាររ៉ែឬក៏អាហារបន្ថែមអីអញ្ចឹងទៅណា។ ហើយចំណុចអស់ ហ្នឹងដែលគាត់យកជាការកំណត់ឧទាហរណ៍ដូចជាគាត់មានបាយហូប គាត់មានគ្រប់គ្រាន់មែនតែគាត់ មានតែប្រហុកចំហុយតែបន្តិចជាមួយបាយឬក៏អំបិលអីអញ្ចឹងធ្វើឲ្យគាត់ខ្វះនូវអាហារហើយ » ។
លោកឲ្យជាយោបល់ថារដ្ឋាភិបាលគួរមានគោលនយោបាយយ៉ាងណាធ្វើឲ្យពលរដ្ឋមានការផលិតនូវអាហារចំរុះសម្រាប់បរិភោគ និងបង្កើនការយល់ដឹងដល់ពលរដ្ឋខ្លួនពីរបៀបប្រើប្រាស់នៃអាហារទាំងនោះ ជាពិសេស ទៅដល់ តំបន់ដាច់ ស្រយាល។ទោះជាយ៉ាងណាលោកថា កម្ពុជាគឺមានភាពជោគជ័យច្រើនចំពោះការកាត់ បន្ថយកម្រិតនៃភាពស្រេកឃ្លានរបស់ប្រជាជននេះ។
វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយស្បៀងអាហារអន្តរជាតិ បានលើកឡើងនៅលើ Twitter ថា ពិន្ទុនៃសន្ទស្សន៍ភាពស្រេកឃ្លាននៅប្រទេសកម្ពុជា ភូមា និងរ្វ៉ាន់ដា បានធ្លាក់ចុះច្រើន គិតចាប់តាំងពីឆ្នាំ២០០០មក ប៉ុន្តែ កម្រិតនៃភាពស្រេកឃ្លាននៅតាមបណ្ដាប្រទេសទាំងបីនេះ នៅតែស្ថិតក្នុងកម្រិត «ធ្ងន់ធ្ងរ»។
របាយការណ៍ IFPRI បង្ហាញថា ប្រទេសចំនួន ៥២ ក្នុងចំណោម ១១៩ប្រទេស ភាគច្រើននៅតំបន់អាហ្វ្រិក នៅតែបន្តប្រឈមមុខនឹងភាពស្រេកឃ្លានក្នុងកម្រិត«ធ្ងន់ធ្ងរបំផុត»។
របាយការណ៍ឆ្លុះបញ្ចាំងថា មនុស្សចំនួន ៨១៥លាននាក់ ឬម្នាក់ក្នុងចំណោម ៩នាក់នៅទូទាំងពិភពលោក នៅតែបន្តរស់នៅក្នុងភាពស្រេកឃ្លាន បើទោះបីជាពិន្ទុសន្ទស្សន៍ភាពស្រេកឃ្លានសកល បានធ្លាក់ចុះ ២៧ភាគរយ គិតចាប់ពីឆ្នាំ២០០០មកក៏ដោយ៕