សេដ្ឋកិច្ចចិន បានកើនឡើងក្នុងអត្រា ៦.៨ភាគរយនៅក្នុងត្រីមាសទី៣ឆ្នាំនេះ បើធៀបទៅនឹងត្រីមាសទី៣ ក្នុងឆ្នាំមុន។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកតាមតួលេខផ្លូវការចេញផ្សាយនៅថ្ងៃនេះ។
Reuters បានផ្សាយថា កំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់បែបនេះ បានស្របទៅនឹងការរំពឹងទុករបស់រដ្ឋាភិបាល និងក្រុមអ្នកវិភាគសេដ្ឋកិច្ច ប៉ុន្តែ វាបែរជាមានកំណើនទាបជាងអត្រាកំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ទៅវិញ ដោយសារកំណើនយឺតយ៉ាវនៃការវិនិយោគ។
ក្រុមអ្នកវិភាគដែលស្ទង់មតិដោយ Reuters សុទ្ធរំពឹងថា សេដ្ឋកិច្ចចិន នឹងកើនឡើងដល់អត្រា ៦.៨ភាគរយនៅចន្លោះខែកក្កដា ដល់ខែកញ្ញា ប៉ុន្តែ ធ្លាក់ចុះបន្តិចពីអត្រា ៦.៩ភាគរយនៅចន្លោះខែមេសាដល់ខែមិថុនា។
ខណៈដែលក្រុមអ្នករៀបចំគោលនយោបាយខិតខំព្យាយាមទប់ស្កាត់ការធ្លាក់ចុះផ្នែកទីផ្សារអចលនទ្រព្យ ហើយការកាត់បន្ថយបំណុលនឹងកាន់តែមានកម្រិតធំនៅក្នុងផ្នែកខ្លះនៅក្នុងប្រទេសចិននោះ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ចិន ទទួលបានការគាំទ្រពីកំណើន និងការរីកធំឡើងលើសការរំពឹងទុកនៃពាណិជ្ជកម្ម និងកម្ចីឥណទានក្នុងវិស័យធនាគារ។
សម្រាប់ឆ្នាំ២០១៧នេះទាំងមូល រដ្ឋាភិបាលក្រុងប៉េកាំងរំពឹងថានឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រាប្រហែល ៦.៥ភាគរយ ពោលគឺបានទម្លាក់អត្រាកំណើនទាបជាងឆ្នាំមុន ដែលមានអត្រាកំណើនសេដ្ឋកិច្ច ៦.៧ភាគរយ។ តួលេខកំណើនសេដ្ឋកិច្ចដែលក្រុងប៉េកាំងព្យាករទុកសម្រាប់ឆ្នាំនេះ គឺជាកំណើនសេដ្ឋកិច្ចដ៏ខ្សោយបំផុតនៅក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយមកនេះ៕