រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសថា ខ្លួននឹងដាក់ការគ្រប់គ្រងដោយផ្ទាល់លើតំបន់កាតាឡូណា ដោយបណ្ដេញចេញរដ្ឋាភិបាលប្រចាំតំបន់ និងបង្ខំឲ្យមានការបោះឆ្នោតជាថ្មីមួយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានចុះផ្សាយបន្តថា វិធានថ្មីទាំងនេះ បានជំរុញឲ្យបាតុកររាប់ពាន់នាក់ដែលចង់បានឯករាជ្យ ចេញតវ៉ានៅតាមដងផ្លូវនានា។
មេដឹកនាំតំបន់កាតាឡូណា លោក Carles Puigdemont ដែលបានប្រកាសជានិមិត្តរូបនូវឯករាជ្យតំបន់នេះកាលពីថ្ងៃទី១០ ខែតុលាកន្លងមកថ្មីៗនេះ ក្រោយពីការធ្វើប្រជាមតិនោះ បានចូលរួមការតវ៉ានៅទីក្រុងបាសេឡូណា ហើយត្រូវឡើងថ្លែងនៅម៉ោង ៩យប់ ម៉ោងនៅអេស្ប៉ាញ។
Reuters បានផ្សាយថា តាមរយៈការបណ្ដេញលោក Puigdemont ចេញ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy សង្ឃឹមថា នឹងបញ្ចប់នូវអ្វីដែលបានក្លាយទៅជាវិបត្តិនយោបាយដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញរយៈពេល ៤ទសវត្សរ៍ចុងក្រោយ និងជំរុញឲ្យរដ្ឋាភិបាលក្រុងម៉ាឌ្រីត កាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៤ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូមួយនេះ ហើយក៏ជំរុញឲ្យមានក្ដីបារម្ភអំពីភាពវឹកវរកាន់តែយូរ។
Reuters បន្តថា នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលបានដកហូតសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីចូលកាន់កាប់តំបន់មួយ ចាប់តាំងពីប្រទេសអេស្ប៉ាញវិលទៅរករបបប្រជាធិបតេយ្យវិញនៅចុងទសវត្សរ៍១៩៧០មក។
លោក Rajoy បានប្រកាសបែបនេះ ដោយមានការគាំទ្រពីបក្សប្រឆាំងដ៏ធំនៅទីក្រុងម៉ាឌ្រីត និងព្រះមហាក្សត្រអេស្ប៉ាញ Felipe ដែលបានថ្លែងកាលពីថ្ងៃសុក្រកន្លងមកនេះថា តំបន់កាតាឡូណា គឺជាផ្នែកមួយ និងនៅតែជាផ្នែកមួយដ៏សំខាន់របស់អេស្ប៉ាញ៕