ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ភាពតានតឹងជុំវិញបញ្ហាគ្រាប់បែកនុយក្លែអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ត្រូវតែមានដំណោះស្រាយ ខណៈដែលលោកកំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ពោលគឺនៅកៀកបំផុតនឹងកូរ៉េខាងជើង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងនៅព្រឹកថ្ងៃនេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុន នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃមកកាន់តំបន់អាស៊ីរបស់លោក។ ក្នុងរយៈពេល ២៤ម៉ោងនៃដំណើរទស្សនកិច្ចនោះ លោក ត្រាំ បានធ្វើដំណើរទៅមូលដ្ឋានកងទ័ពអាមេរិក-កូរ៉េខាងត្បូង និងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដែលរង់ចាំនៅទីនោះស្រាប់។
នៅក្នុងជំនួបជាមួយមេបញ្ជាការយោធាអាមេរិកនោះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ទីបំផុត គ្រប់យ៉ាងនឹងមានដំណោះស្រាយ បញ្ហាកូរ៉េខាងជើងត្រូវតែមានដំណោះស្រាយ។ ប៉ុន្តែ លោក ត្រាំ ពុំបានពន្យល់ច្រើននោះឡើយ។
ទោះជាយ៉ាងណា លោក ត្រាំ បានកោតសរសើរដល់លោក មូន សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលលោក ត្រាំ ហៅថាជា «កិច្ចសហប្រតិបត្តិការអស្ចារ្យ» បើទោះបីជាមេដឹកនាំទាំងពីរ មិនចុះសម្រុងគ្នាជុំវិញការដោះស្រាយបញ្ហាកូរ៉េខាងជើង និងបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្ដ៕