ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណល ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃកាន់នៅទ្វីបអាស៊ីគឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៤ខែវិច្ឆិកា។ នេះជាដំណើរទស្សននៅតំបន់អាស៊ីលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិករូបនេះចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ កាលពីខែមករាឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចនេះ គេមើលឃើញថា លោកត្រាំភ្ជាប់នូវគោលបំណងពីរសំខាន់គឺទី១ការកសាងកម្លាំងរួមមួយដើម្បីប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងដែលកំពុងគំរាមកំហែង និង ទី២ ការបង្កើតសម្ព័ន្ធមិត្តការពារឲ្យកាន់តែរឹងមាំនៅអាស៊ី។
ប្រទេសចំនួន៥ដែលលោកត្រាំនឹងធ្វើដំណើរទស្សនកិច្ច ហើយជជែកកិច្ចការសំខាន់ជាមួយមេដឹកនាំទាំងនោះ រួមមាន ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង ហ្វីលីពីន និង ប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនេះ មានព្រឹត្តិការណ៍ពីរសំខាន់គឺវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និង កិច្ចប្រជុំកំពូលអាស៊ាន អាមេរិក។
តាមខ្លឹមសារដែលសារព័ត៌មាន CNBC សម្ភាសន៍ជាមួយមន្ត្រីអាមេរិក និង ក្រុមអ្នកស្រាវជ្រាវមួយចំនួនបង្ហាញពីចំណុចសំខាន់ដែលលោក ត្រាំ នឹងជជែកជាមួយមេដឹកនាំប្រទេសទាំង៥នៅអាស៊ី។
ជប៉ុន
នៅថ្ងៃទី៥ខែវិច្ឆិកាជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចលោកត្រាំទៅដល់ប្រទេសជប៉ុន លោកនឹងស្នាក់នៅទីនោះចំនួន២ថ្ងៃ។ ក្នុងឱកាសនោះលោកត្រាំ នឹងជូបពិភាក្សាទ្វេរភាគីជាមួយ លោកស៊ីនហ្សូអាបេ ជួបពលរដ្ឋជប៉ុនដែលមានសមាជិកគ្រួសារពួកគេត្រូវខាងជើងចាប់ពង្រត់ និង មានការវាយកូនហ្គោលផង។
នៅក្នុងឱកាសនោះលោកត្រាំ នឹងជជែកជាមួយមេដឹកនាំជប៉ុន ពីកិច្ចសហប្រតិបត្តិការយោធាធ្វើឲ្យមានតុល្យភាពនៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក។លោក ត្រាំ ក៏ផ្តោតសំខាន់លើការការពារជប៉ុនរួមទាំងតំបន់ជម្លោះជាមួយចិន នៅកម្រងកោះក្នុងសមុទ្រចិនខាងកើត។
ចំណុចមួយទៀតគឺមេដឹកនាំជប៉ុនតែងតែរំពឹងចង់ឲ្យសហរដ្ឋអាមេរិកងាកចូលរួមបន្ត កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិក(TPP)ដែលមានប្រទេសចំនួន១២ចូលរួម។ TPP បង្កើតឡើងដើម្បីទប់ទល់ជាមួយឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន។ ប៉ុន្តែកិច្ចព្រមព្រាងនេះ ត្រូវបានលោកត្រាំប្រកាសមិនចូលរួមចាប់តាំងពីលោកចូលកាន់តំណែង ហើយគេរំពឹងថា លោកត្រាំធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀតជាមួយជប៉ុន។
កូរ៉េខាងត្បូង
នៅថ្ងៃទី៧ខែវិច្ឆិកា លោកត្រាំ ធ្វើដំណើរដល់កូរ៉េខាងត្បូង ហើយជួបជាមួយមេដឹកនាំនៃប្រទេសនេះគឺលោកមូន ជែអ៊ីន។ នៅក្នុងកិច្ចប្រជុំនោះនឹងមានការជជែកពីឥទ្ធិពលរបស់កូរ៉េខាងជើង និង ពង្រឹងប្រព័ន្ធការពារសុវត្ថិភាព។
លោកត្រាំ នឹងបរិភោគអាហារពេលល្ងាចជាទម្រង់នៃការទំនាក់ទំនងរដ្ឋនិងរដ្ឋ ហើយទៅទស្សនានៅមូលដ្ឋានទ័ពអាមេរិកប្រចាំនៅកូរ៉េខាងត្បូងឈ្មោះCamp Humphreys បន្ទាប់មកនឹងទៅទស្សនាកន្លែងទីតាំងជាតិសម្រាប់កប់សពរបស់កូរ៉េខាងត្បូង។
ចិន
លោកត្រាំ ធ្វើដំណើរដល់ប្រទេសចិននៅថ្ងៃទី៨ខែវិច្ឆិកា។ ក្នុងជំនួបនេះគឺគេដឹងថា មេដឹកនាំប្រទេសមានឥទ្ធិពលទាំងពីរនេះមានគោលបំណងផ្សេងៗគ្នា។
គោលដៅសំខាន់របស់មេដឹកនាំចិនលោក ស៊ី ជីនពីង ចង់ឲ្យលោកដូណល ត្រាំបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសប្រកបដោយការពេញចិត្តតាមរយៈការគោរព និង បញ្ចុះបញ្ចូល ដើម្បីពង្រីកចំណងទាក់ទងល្អរបស់ប្រទេសទាំងពីរ ហើយឆ្ពោះទៅរកតុល្យភាពនៃការធ្វើពាណិជ្ជកម្ម ជាជាងការជជែកតែពីបញ្ហាកិច្ចសហប្រតិបត្តិការប្រឆាំងកូរ៉េខាងជើង។
ក្នុងពេលនោះមេដឹកនាំអាមេរិក នឹងព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំចិន ដើម្បីប្រឆាំងទៅនឹងការទំនាក់ទំនងដែលមិនមានតុល្យភាពដូចជា ករណីក្រុមហ៊ុនរបស់អាមេរិកនៅចិនរងការគំរាមកំហែងជាដើម។
ជុំវិញបញ្ហាកូរ៉េខាងជើងគឺអាមេរិកតែងតែជំរុញឲ្យចិនចេញមុខដាក់សម្ពាធលើកូរ៉េខាងជើងព្រោះថា ចិនគឺជាសម្ព័ន្ធមិត្តស្និទ្ធបំផុតរបស់កូរ៉េខាងជើង។
បញ្ហាទំនាក់ទំនងរវាងចិន និង សហរដ្ឋអាមេរិកនៅតែគេមើលឃើញថា មានភាពស្មុគស្មាញ ដោយសារតែអាមេរិកនៅតែរិះគន់ខ្លាំងលើចិនករណីជម្លោះនៅសមុទ្រចិនខាងត្បូង ប៉ុន្តែនៅតែទាមទារឲ្យចិនជួយដាក់សម្ពាធលើកូរ៉េខាងជើងករណីកម្មវិធីអាវុធនុយក្លេអ៊ែ។
វៀតណាម
នៅថ្ងៃទី១០ខែវិច្ឆិកា លោកត្រាំធ្វើដំណើរដល់ទីក្រុងដា ណាង ប្រទេសវៀតណាម។នៅវៀតណាមលោក នឹងចូលរួមកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហើយនឹងមានជំនួបក្រៅកិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀ ពូទីន។
នៅថ្ងៃបន្ទាប់លោក ត្រាំនឹងជួបជាមួយមេដឹកនាំសំខាន់របស់វៀតណាមនៅក្នុងទីក្រុងហាណូយ ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីវៀតណាមលោក ង្រ្វៀន សួនផុក។ វៀតណាមគឺជាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលនាំចេញច្រើនជាងគេបំផុតទៅកាន់សហរដ្ឋអាមេរិក ហើយការជួបនេះនឹងមានការជជែកផ្តោតសំខាន់លើការទំនាក់ទំនងសេដ្ឋកិច្ច។
ជុំវិញបញ្ហានៃការរំលោភសិទ្ធិមនុស្ស គេរំពឹងថា លោកត្រាំ នឹងលើកឡើងជជែកនៅចំពោះមុខមេដឹកនាំវៀតណាមដែរ។
ហ្វីលីពីន
នៅថ្ងៃទី១២ខែវិច្ឆិកា លោកត្រាំទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយនឹងចូលរួមកម្មវិធីអាហារពេលល្ងាចដើម្បីអបអរខួប៥០ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីគ្នេយ៍ឬហៅអាស៊ាន។
នៅថ្ងៃបន្ទាប់លោកត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន ហើយនឹងមានការជជែកតទល់ជាមួយមេដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោល ឌូទើតេ។ ការជជែកនេះនឹងមានការចាប់អារម្មណ៍ខ្លាំងពីសហគមន៍អន្តរជាតិ ខណៈប្រទេសទាំងពីរធ្លាប់មានបញ្ហាប្រឈមមុខដាក់ដោយសារតែបញ្ហាសង្គ្រាមគ្រឿងញៀននៅហ្វីលីពីនដែលមានការសម្លាប់មនុស្សអស់រាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ។
ប៉ុន្តែមន្ត្រីសេតវិមានថ្លែងថា លោកត្រាំនឹងមានការការពារលោកឌូទើតេ ដោយសារត្រូវការកិច្ចសហការពីហ្វីលីពីនក្នុងសហការប្រឆាំងកូរ៉េខាងជើង។
ទោះយ៉ាងណាលោកត្រាំ មិនចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំស៊ីខាងកើតនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ និង ១៤ខែវិច្ឆិកានោះទេ ដែលកិច្ចប្រជុំនេះនិយាយពីផែនការអនាគតក្នុងតំបន់ ដោយលោកថា មិនមានប្រយោជន៍ដល់សម្ព័ន្ធមិត្តនិង អាមេរិកនោះទេ។ ករណីនេះឲ្យមានការយល់ឃើញថា ជាសញ្ញាមិនល្អ នឹងប៉ះពាល់ដល់ផលប្រយោជន៍បណ្តាលប្រទេសនៅអាស៊ាន។