បុណ្យឯករាជ្យជាតិលើកទី៦៤ ជាការរំឭកខួបទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ធ្វើឡើងនៅព្រឹកនេះ នៅវិមានឯករាជ្យដូចឆ្នាំមុនៗ ហើយមានការចូលរួមពីព្រះមហាក្សត្រ និង មន្ត្រីជាន់ខ្ពស់នៅតាមក្រសួងស្ថាប័ននានា រួមទាំងសិស្សានុសិស្ស និង ប្រជាពលរដ្ឋ។
នៅក្នុងពិធីព្រឹកនេះ មានការរៀបចំឈរមានរបៀបរៀបរយទៅតាមផ្នែកតាមស្ថាប័ន។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈំ ប្រធានព្រឹទ្ធភា លោក ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឈរនៅក្បែរគ្នា ហើយជាអ្នកទទួលការយ៉ាងមកដល់របស់ព្រះមហាក្សត្រមុនគេ។
ចំណែកមន្ត្រីកងទ័ព មន្ត្រីក្រសួងស្ថាប័នផ្សេងៗទៀត ឈរនៅតាមផ្នែករៀងៗខ្លួន ជុំវិញវិមានឯករាជ្យ។ នៅក្នុងពិធីនេះ ក៏មានវត្តមានមន្ត្រីស្ថានទូតនានាចូលរួមដោយឈរនៅក្នុងពិធីនេះដែរ។ ចំណែកព្រះមហាក្សត្រព្រះអង្គយ៉ាងសំណេះសំណាលជាមួយមន្ត្រីដែលឈរជុំវិញវិមានឯករាជ្យ បន្ទាប់មកទើបដល់កម្មវិធីគោរពទង់ជាតិ ដាក់កម្រងផ្កា និង អុជទៀនជ័យ៕