សេចក្ដីរាយការណ៍បានឲ្យដឹងថា ទាហានជើងទឹកអាមេរិកម្នាក់ ដែលត្រូវបានធ្វើតេស្តទៅរកឃើញជាតិស្រវឹងលើសលប់នោះ ត្រូវបានចាប់ខ្លួននៅកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីបុរសចំណាស់ម្នាក់ ត្រូវបានសម្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីប៉ូលិសជប៉ុន។
ប៉ូលិសចរាចរណ៍ជប៉ុន បាននិយាយថា ទាហានអាមេរិកវ័យ ២០ឆ្នាំម្នាក់នោះ ត្រូវបានចាប់ខ្លួនដោយត្រូវបានសង្ស័យថា បានបើកបរទាំងព្រហើនបណ្ដាលឲ្យមានមនុស្សស្លាប់។
ទាហានអាមេរិករូបនោះ ត្រូវបានប៉ូលិសជប៉ុនចាប់ខ្លួន ក្រោយពីបើកបរបណ្ដាលឲ្យបុរសជប៉ុនវ័យ ៦១ឆ្នាំ ស្លាប់ នៅត្រង់ផ្លូវខ្វែង។
ប៉ូលិសជប៉ុនបាននិយាយថា ការធ្វើតេស្តលើខ្យល់ដង្ហើម រកឃើញថា ទាហានអាមេរិករូបនោះ មានជាតិស្រវឹងលើសកម្រិតធម្មតាកំណត់ដោយច្បាប់ដល់ទៅ ៣សដង។
កងទ័ពជើងទឹកអាមេរិក បានបញ្ជាក់ពីគ្រោះថ្នាក់ចរាចណ៍នោះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបង្ហាញ«ការចូលរួមមរណទុក្ខ»ចំពោះគ្រួសារជនរងគ្រោះ និងបានសន្យាសហការជាមួយសមត្ថកិច្ចស៊ើបអង្កេត។
អាមេរិកមានទាហានជិត ៥ម៉ឺននាក់ ឈរជើងនៅមូលដ្ឋានកងទ័ពជើងទឹកនៅលើកោះអូគីណាវ៉ា ដែលជាផ្នែកមួយនៃសន្ធិសញ្ញាសន្តិសុខរួម។
ប៉ុន្តែ ឧក្រិដ្ឋកម្មបង្កឡើងដោយបុគ្គលិកយោធាអាមេរិក តែងតែបង្កឲ្យមានបញ្ហាដល់ទំនាក់ទំនងជប៉ុន និងអាមេរិក៕