មន្ត្រីជាន់ខ្ពស់យោធាចិនបានថ្លែងប្រាប់ មេបញ្ជាការកងទ័ពរបស់មីយ៉ាន់ម៉ាថា ចិនចង់ឲ្យប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាកាន់តែស្និទ្ធជាងមុន ដើម្បីជាផ្នែកមួយនៃការជួយពង្រឹងផ្នែកការងារដល់សន្តិសុខ និង សន្តិភាពនៅក្នុងតំបន់។
ចិននិងប្រទេសមីយ៉ាន់ម៉ា មានទំនាក់ទំនងជាមួយគ្នាច្រើនឆ្នាំមកនេះ ទាំងផ្នែកទំនាក់ទំនងការទូត និង ផ្នែកសេដ្ឋកិច្ច។ ចិនក៏បានបញ្ជាក់ជំហរគាំទ្រដល់ប្រទេសមីយ៉ាន់ចំពោះវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលកំពុងទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិ។
នៅក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនលោក លី ហ្សួងចេង តំណាងឲ្យគណៈកម្មការកណ្តាលនៃយោធាចិនបានថ្លែងប្រាប់មេបញ្ជាការកងទ័ពរបស់មីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ថា ចិនកំពុងតែរៀបចំធ្វើឲ្យការទំនាក់ទំនងលើវិស័យការពារបស់ចិន និងមីយ៉ាន់ម៉ាកាន់តែប្រសើរឡើង។
លោក លីថ្លែងបញ្ចាក់ថា ក្នុងស្ថានភាពដែលសន្តិសុខនៅក្នុងតំបន់កំពុងតែមានភាពស្មុគស្មាញនោះ ចិននៅតែចង់សហការជាយុទ្ធសាស្ត្រជាមួយប្រទេសមីយ៉ាន់ម៉ា។
ការប្រកាសជំហររបស់ចិនចូលទៅជិតប្រទេសមីយ៉ាន់ម៉ានៅពេលនេះធ្វើឡើងស្របពេលដែលសហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិ និង សហរដ្ឋអាមេរិកដាក់សម្ពាធលើប្រទេសមីយ៉ាន់លើករណីប្រើអំពើហិង្សាធ្ងន់ធ្ងរលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕