អាជ្ញាធរជាតិអប្សរាណែនាំឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិប្រុងប្រយ័ត្នពីបញ្ហាសុខភាពនៅក្នុងខែមេសាខាងមុខនេះ ដោយអះអាងថាអាកាសធាតុនឹងបន្ដកើនកម្ដៅខ្លាំងនៅតំបន់ទេសចណ៍អង្គរ។
នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៥ខែមីនា អាជ្ញាធរជាតិអប្សរាឲ្យដឹងថានៅក្នុងខែមេសាខាងមុខនេះ អាកាសធាតុនឹងបន្ដកើនកម្ដៅនិងរងសម្ពាធខ្យល់ក្ដៅខ្លាំងដែលនាំឲ្យះពាល់ដល់ភ្ញៀវជាតិនិងអន្ដរជាតិទស្សនានៅតំបន់រមណីយដ្ឋានអង្គរ។ សេចក្តីជូនដំណឹងបន្តថាសមាគមទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ មគ្គុទេសក៍ទេចរណ៍ ក្រុមហ៊ុទេសចរណ៍ អ្នកជញ្ជូនភ្ញៀវទេសចរណ៍ ត្រូវណែនាំនិងចែករំលែកព័ត៌មានពីស្ថានភាពអាកាសធាតុក្ដៅនិងប្រាប់ឲ្យមានវិធីការពារឲ្យបានគ្រប់រូបភាព ការរៀបចំកាលវិភាគតំបន់ទស្សនាឲ្យបានសមរម្យនិងយកចិត្ដទុកដាក់ពីសុវត្ថិភាពខ្ពស់ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ។
អាជ្ញាធរអប្សរាបានណែនាំឲ្យការពារសុខភាព ដោយឲ្យភ្ញៀវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ពាក់មួកការពារកម្ដៅថ្ងៃ ជាពិសេសចូលរួមពាក់មួកស្លឹកត្នោត ដើម្បីលើកស្ទួយអត្ដសញ្ញាណជាតិខ្មែរ ប្រើប្រាស់ផលិតផលការពារស្បែកដែលមិនប៉ះពាល់សុខភាព និងស្លៀកពាក់ឲ្យបានសមរម្យស្របតាមប្រតិបត្ដិអង្គរផងដែរ។
សេចក្ដីជូនដំណឹងបានបន្ថែមថាករណីជួបគ្រោះថ្នាក់ឬបញ្ហាដែលកើតមានឡើង អាចរាយការណ៍មកភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្ដាប់ធ្នាប់ ឬប៉ូលិសទេសចរណ៍ ដែលមានលេខទូរស័ព្ទ ០១២ ១៩៧ ៨៧ ០៤ ,០៦៨ ៦២៤៣៣៣,០៧៧ ២០២ ០២០ឬ០១២ ២៣៥ ៨៨៨៕