មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅខាងក្រៅស្ថានទូតអាមេរិកនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអាទិត្យនេះ ប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានទទួលស្គាល់ទីក្រុងយេរូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអ៊ែល។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានរាយការណ៍បន្តថា ក្រុមបាតុករទាំងនោះ បានកាន់បដាសរសេរថា «ប៉ាឡេស្ទីនស្ថិតក្នុងបេះដូងរបស់យើង»។
ក្រុមមេដឹកនាំនៅឥណ្ឌូនេស៊ី ដែលមានជនមូស្លីមច្រើនបំផុតនៅលើពិភពលោកនោះ បានចូលរួមក្នុងរលកនៃការថ្កោលទោសប្រឆាំងនឹងលោក ត្រាំ ខណៈដែលមេដឹកនាំពិភពលោក ក្នុងនោះមានទាំងក្រុមសម្ព័ន្ធមិត្តលោកខាងលិចផងដែរ និយាយថា ការសម្រេចចិត្តរបស់លោក ត្រាំ បោកបក់ទៅលើកិច្ចខិតខំប្រឹងប្រែងសម្រាប់សន្តិភាព និងជំរុញឲ្យមានរលកអំពើហិង្សាឡើងវិញ។
បាតុកររាប់ពាន់នាក់នៅតាមបណ្ដាប្រទេសមូស្លីមនានានៅតំបន់អាស៊ី បានតវ៉ានៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីថ្កោលទោសទៅនឹងសេចក្ដីសម្រេចចិត្តរបស់អាមេរិក។
ប្រទេសអ៊ីស្រាអ៊ែល នៅតែអះអាងថា ផ្នែកទាំងអស់នៃយេរូសាឡឹម គឺជារដ្ឋធានីរបស់ខ្លួន ប៉ុន្តែ ជនជាតិប៉ាឡេស្ទីន ទាមទារយកទឹកដីផ្នែកខាងកើតនៃទីក្រុងយេរូសាឡឹម ធ្វើជារដ្ឋធានីរបស់ខ្លួនសម្រាប់អនាគតរដ្ឋឯករាជ្យប៉ាឡេស្ទីន ហើយនិយាយថា សេចក្ដីសម្រេចរបស់លោក ត្រាំ បានបន្សល់ទុកបាតដៃទទេសម្រាប់ពួកគេ៕