សាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយឥតសំណងជាង៧លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា ចំនួន១៦ រួមមាន កសិកម្ម ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរវប្បធម៌និងសាសនា។
ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែធ្នូ នៅក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន មានប្រសាសន៍ថា រដ្ឋាភិបាលចិន បានសម្រេចយល់ព្រម ផ្តល់ហិរញ្ញវត្ថុដល់គម្រោងរបស់កម្ពុជាចំនួន១៦ ដែលមានទឹកប្រាក់សរុប៧,៣ លានដុល្លារអាមេរិក ក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
លោកក៏បានឲ្យដឹងបន្ថែមថា គម្រោងទាំងនេះ គ្របដណ្តប់លើវិស័យជាច្រើន រួមមាន កសិកម្ម ទេសចរណ៍ អាយស៊ីធី (ICT) សុខភាព សាធារណៈ ការអប់រំ និងស្រាវជ្រាវ ធនធានទឹក ការអភិវឌ្ឍជនបទ ការតភ្ជាប់ផ្លូវអាកាស និងការផ្លាស់ប្តូរវប្បធម៌ និងសាសនា ជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈកន្លងមកនេះ បានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៧នេះ ចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីសម្បទានដល់ទៅ ៤២០០លានដុល្លារ សម្រាប់អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល អប់រំ និងសន្តិសុខសង្គម។
ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំលើកទី១របស់រដ្ឋមន្រ្តីការទេសនៃប្រទេស ដែលស្ថិតនៅតាមដងទន្លេរមេគង្គ ជាមួយប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នៅប្រទេសចិន ដោយឈរលើគោលការណ៍ កុងសង់ស៊ីស ការបើកចំហសមភាព ការពិគ្រោះយោបល់ និងសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែករួមនិងផល ប្រយោជន៍រួមគ្នា និងការគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា៕