រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងពីការបញ្ចៀសចរាចរបណ្ដោះអាសន្នក្នុងពិធីប្រគំតន្រ្តី និង បាញ់កាំជ្រូចនាថ្ងៃឆ្លងឆ្នាំសកលខាងមុខ។
រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីជូននេះចុះថ្ងៃទី ២២ ខែធ្នូ ម្សិលមិញស្ដីពីការបញ្ចៀសចរាចរបណ្ដោះអាសន្នក្នុងពិធីប្រគំតន្រ្តី និង បាញ់កាំជ្រូចអបអរសាទរពិធីឆ្លងឆ្នាំសកល ២០១៧ ចូល ២០១៨។
ក្នុងសេចក្ដីជូនដំណឹងលើកឡើងថាសាលារាជធានីភ្នំពេញនឹងរៀបចំប្រគុំតន្រ្តី និង បាញ់កាំជ្រូចអបអរសាទរពិធីឆ្លងឆ្នាំសកលខាងមុខ នៅលើមហាវិថីព្រះនរោត្តម មុខក្រសួងសាធារណៈការ និងដឹកជញ្ជូនស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ក្នុងសេចក្ដីជូនដំណឹងដដែលបន្តថាដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរនៅកន្លែងប្រារព្ធពិធី សាលារាជធានីភ្នំពេញធ្វើការបញ្ចៀស និងធ្វើការបិទសកម្មភាពចរាចរបណ្ដោះអាសន្នតាមទីតាំងប្រារព្ធពិធីចាប់ពី ល្ងាចថ្ងៃទី៣០ ខែធ្នូ រហូតដល់កម្មវិធីបញ្ចប់។
ក្នុងសេចក្ដីជូនដំណឹងនោះសាលារាជធានីក៏ជំរុញឲ្យពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ និងត្រូវបញ្ចៀសចរាចរភ្លាម ករណីត្រូវធ្វើដំណើរលើផ្លូវឆ្លងកាត់ទីតាំងប្ររព្ធពិធីខាងលើ៕