សាធារណរដ្ឋប្រជាមានិតចិនមានបង្ហាញជំហរជឿជាក់ថា ការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់គ្រប់ភាគីទាំងអស់ ខណៈសហភាពអឺរ៉ុប និងអាមេរិផ្តាច់ជំនួយដល់ គ.ជ.ប ដោយថាការបោះឆ្នោតខាងមុខពុំអាចទទួលយកបាន បន្ទាប់ពីមានការរំលាយគណបក្សប្រឆាំងដែលធំជាងគេនៅកម្ពុជា។
ទីភ្នាក់ងារសារព័តមាន Reuter បានដកស្រង់សំដីរបស់អនុរដ្ឋមន្ត្រីការបរទេសចិនលោក គង់ យ័នយូ (Kong Xuanyou) ដែលបានលើកឡើងកាលពីម្សិលមិញថាប្រទេសនេះនៅតែគាំទ្រដល់ប្រទេសកម្ពុជា និងជឿថាការបោះឆ្នោតនាពេលខាងមុខគឺអាចប្រព្រឹត្តទៅបានដោយត្រឹមត្រូវ និងយុត្តិធម៌សម្រាប់គ្រប់ភាគីទាំងអស់។
Reuter បានដកស្រង់សំដីលោកថ្លែងថា៖ « ប្រទេសចិនគោរព និងគាំទ្រការអភិវឌ្ឍទាំងអស់ដែលជ្រើសរើសដោយប្រជាជនកម្ពុជា និងជឿជាក់ថា ការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជាអាចឆ្លុះបញ្ជាំងពីភាពយុត្តិធម៌ស្នើគ្នាទាំងអស់សម្រាប់គ្រប់ភាគី និងអាចជ្រើសរើសបក្ស និងអ្នកដឹកនាំតាមមការពេញចិត្តរបស់ប្រជាជនកម្ពុជា »។
បើទោះបីជាប្រទេសចិនបានគាំទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជាក៏ដោយ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកាលពីចុងឆ្នាំ២០១៧ បានប្រកាសឈប់បន្តផ្តល់ជំនួយដល់ស្ថាប័នរៀបចំបោះឆ្នោតនៅកម្ពុជា និងថាការបោះឆ្នោតខាងមុខមិនអាចទទួលយកបានទេដោយសារអវត្តមានបក្សប្រឆាំង។
គួររលឹកផងដែរថា តុលាការកំពូល សម្រេចរំលាយគណបក្សសង្គ្រោះជាតិចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក ហើយថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំថែមទៀត។ ខណៈដែលមេដឹកនាំបក្សនេះគឺលោក កឹម សុខា បន្តស្ថិតនៅក្រោមការឃុំខ្លួនក្រោមការចោទថា «ក្បត់ជាតិ» នោះ អាសនៈសភាចំនួន ៥៥របស់បក្សប្រឆាំង ក៏ត្រូវបាន គ.ជ.ប. សម្រេចដកហូត និងបែងចែកទៅឲ្យគណបក្សផ្សេង ដែលមិនត្រូវបានពលរដ្ឋបោះឆ្នោតឲ្យ។
ទោះជាយ៉ាងណា គ.ជ.ប នៅតែប្រកាសពីការទទួលយកជំនួយនានាពីប្រទេសផ្សេងទៀត ដោយថាការផ្តល់ជំនួយពីប្រទេសទាំងនោះបានធ្វើឲ្យដំណើរការនៃការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយសេរី និងត្រឹមត្រូវគ្រប់បក្សទាំងអស់។
មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថាខុមហ្វ្រែល លោក យឿង សុធារ៉ា មានប្រសាសន៍ថា គណបក្សប្រឆាំងនាំមុខគេនៅកម្ពុជាត្រូវបានបំផ្លាញចោលនោះ លោកយល់ថាការបោះឆ្នោតខាងមុខមិនអាចបំពេញលក្ខខណ្ឌនៃគោលការសេរី និងយុត្តិធម៌នៃការបោះឆ្នោតនោះទេ ។
លោកថា៖ « ហ្នឹងវាលែងសេរី វាអត់ស៊ីសង្វាក់គ្នានឹងគោលការណ៍សេរីនោះទេ អញ្ចឹងពិន្ទុសម្រាប់វាយតម្លៃជាសុចនករយកមកឆ្លុះបញ្ចាំងយកមកវាយតម្លៃវាខ្វះខាតណាស់ បានន័យថាគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះគឺវាខ្វះខាតអត់ពេញលេញ អញ្ចឹងដោយសារតែគ្រប់ភាគីគ្រប់គណបក្សទាំងអស់មិនបានចូលរួមនឹងមានអត្ថន័យក្នុងការប្រកួតប្រជែង » ។
បើទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាសពីភាពត្រឹមត្រូវនៃការបោះឆ្នោតដដែលបើទោះបីជាគ្មានគណបក្សសង្គ្រោះជាតិចូលរួមនោះ។
លោក ហ៊ុន សែន ធ្លាប់លើកឡើងកាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០១៧ថា ការបោះឆ្នោតនៅកម្ពុជានៅតែប្រព្រឹត្តិទៅតាមការកំណត់ដូចធម្មតា ហើយថាទោះប្រទេសណាទទួលស្គាល់ឬមិនទទួលស្គាល់ក៏មិនសំខាន់ដែរ។
លោកថា៖ «សភាបោះឆ្នោតពេញតើ! មានទៅខុសអី! អ្នកឯងចង់ព្រាត់ប្រាស់ទៅណាព្រាត់ប្រាស់ទៅ! គេបោះឆ្នោតនៅតែបោះឆ្នោត។ ២៥ខែកុម្ភៈ បោះឆ្នោតព្រឹទ្ធិសភា ២៩កក្កដាបោះឆ្នោតរដ្ឋសភា។ ទោះបី ប្រទេសណាមកសង្កេតការណ៍ អត់សង្កេតការណ៍ វាអត់ទាំងមានតម្រូវការទេ។ មិនមែនទាល់តែអ្នកឯងមកសង្កេតការណ៍ បានបោះឆ្នោតស្របច្បាប់ឯណា! ហើយនៅរដ្ឋធម្មនុញ្ញកម្ពុជាឬនៅលើពិភពលោក អត់មានតម្រូវទៅស៊ីញ៉េពីប្រធានធិបតីប្រទេសផ្សេង ទើបស្របច្បាប់ទេ ហើយក៏អត់មានតម្រូវការទៅស៊ីញ៉េពីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្របច្បាប់ដែរ»។
កម្ពុជា នឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភា នៅក្នុងខែកុម្ភៈ និងបោះឆ្នោតជ្រើសតាំងតំណាងតំណាងរាស្ត្រនៅខែកក្កដាឆ្នាំនេះ។
គួររំលឹកផងដែរថាបន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេសត្រូវបានតុលាការកំពូល រំលាយចោលនោះសហគមន៍អន្តរជាតិជាពិសេសលោកសេរីដែលនាំមុខដោយសហរដ្ឋអាមេរិកបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ដោយថារបបដឹកនាំកម្ពុជាកំពុងដឹកឆ្ពោះទៅរករបបផ្តាច់ការ ដោយជំរុញឲ្យងាយមករកលិទ្ធិប្រជាធិបតេយ្យឡើងវិញ តែស្របពេលជាមូយនឹងការថ្កោលនេះមានតែប្រទេសចិនកុម្មុនីស្តមួយប៉ុណ្ណោះដែលគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន៕