កសិករដាំដូងប្រេងប្រមាណ២០០០នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃអង្គារម្សិលមិញ ប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប ដែលកំពុងរៀបចំផ្លូវច្បាប់ក្នុងការឈប់ទិញដូងប្រេងពីប្រទេសនេះ ដោយថា ពាក់ព័ន្ធដាំដូងប្រេងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។
ក្រុមអ្នកតវ៉ាបាននាំគ្នាប្រមូលផ្តុំនៅមុខស្ថានទូតអឺរ៉ុប និង ទូតប្រទេសសមាជិកអឺរ៉ុបនៅក្នុងទីក្រុងកូឡាឡាំពួរ ហើយនាំគ្នាលើកបដាដែលសរសេរថា លុបចោលគម្រោងឈប់ដូងប្រេងទៅ! ដំណាំដូងប្រេងផ្តល់អាហារដល់គ្រួសារយើង។ ទន្ទឹមនឹងការលើកបដាពួកគេក៏បានដាក់ញត្តិទៅកាន់ស្ថាប័នទាំងនោះដែរ។ នេះបើតាមសារព័ត៌មាន Channel news Asia។
កសិករតវ៉ាផ្ទុះឡើងនេះ ស្របពេលដែលសភាសហភាពអឺរ៉ុបកំពុងរៀបចំអនុម័តច្បាប់ក្នុងការផ្អាកការទិញដូងប្រេងពីប្រទេសម៉ាឡេស៊ី។
មូលហេតុដែលអឺរ៉ុបសម្រេចឈប់ទិញដូងប្រេងពីប្រទេសម៉ាឡេស៊ីនេះ បន្ទាប់ពីរកឃើញថា ដំណាំដូងប្រេងក្នុងប្រទេសនេះ កំពុងតែធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រព័ន្ធជីវៈចម្រុះ ដែលអនុវត្តខុសពីកិច្ចព្រមព្រៀងរវាងម៉ាឡេស៊ី និង អឺរ៉ុប។ ប៉ុន្តែការចោទប្រកាន់ពីអឺរ៉ុបនេះត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីច្រានចោលជាបន្តបន្ទាប់គឺបញ្ជាក់ថា ដំណាំដូងប្រេងនៅក្នុងប្រទេសនេះមិនប៉ះពាល់ដល់ បរិស្ថាននោះទេ។
ការផ្អាកទិញដូងប្រេងនេះនឹងអាចប៉ះពាល់ដល់សហគមន៍ដូងប្រេងចំនួន៦៥០ ០០០សហគមន៍ ហើយប៉ះពាល់ដល់កសិករដែលរស់នៅពឹងផ្អែកលើដូងប្រេងប្រមាណ៣លាន២សែននាក់។
រដ្ឋមន្ត្រីកសិឧស្សាហកម្ម និងផលិតកម្មម៉ាឡេស៊ីលោក Mah Siew Keong ថ្លែងថា លោកបញ្ជាក់ជាញឹកញាប់ ហើយពេលនេះលោកបញ្ជាក់ម្តងទៀតថា ដំណើរការផលិតដូងប្រេងនៅម៉ាឡេស៊ីមានលក្ខណៈល្អប្រសើរបំផុត ធានាការពារបរិស្ថាន រក្សាព្រៃឈើដើម្បីទាក់ទាញទឹកភ្លៀងដោយមិនមានការប៉ះពាល់អ្វីនោះទេ។លោកបញ្ចាក់ដែរថា ទំនិញជាច្រើនប្រភេទនាំចូលពីសហភាពអឺរ៉ុបចូលក្នុងប្រទេសម៉ាឡេស៊ី ហើយថា បើសិនករណីនេះមិនអាចដោះស្រាយបាននោះទេ ម៉ាឡេស៊ីអាចនឹងពិចារណាក្នុងការរឹតបន្តឹងការនាំទំនិញពីបណ្តាប្រទេសសមាជិកអឺរ៉ុបវិញជាការសងសឹក។
បច្ចុប្បន្នប៉ាឡេស៊ី និង ឥណ្ឌូនេស៊ីគឺជាប្រទេស ដែលផលិតដូងប្រេងបានជាង៨០%នៃផលិតផលដូងប្រេងសរុបនៅលើពិភពលោក។ ប្រទេសម៉ាឡេស៊ីតែម្នាក់ឯងផលិតបានប្រមាណ៣៩%នៃផលដូងប្រេងកែច្នៃហើយ និង ៤៤%នៃផលិតផលដូងប្រេងមិនទាន់កែច្នៃហើយនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ៕