អាជ្ញាធរជាតិអប្សរាបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុនមួយ មានទីតាំងនៅខេត្តសៀមរាប ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ឬអង្គរឃ្យុងយូ ទៅពិនិត្យផ្ទៀងផ្ទាត់ក្បាលដី ដើម្បីជៀសវាងការខូចខាតផលប្រយោជន៍។
សេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមករា អាជ្ញាធរជាតិអប្សរាឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា ២០១៨ ក្រុមការងារចំរុះ បានចុះទៅអនុវត្តកំណត់ និងបោះបង្គោលព្រំដីនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ចំណុចផ្លូវ៦០ម៉ែត្រឬអង្គរឃ្យុងយូ)។
អាជ្ញាធរអប្សរាបន្តថា សាធារណជនដែលបានទិញដីឡូតិ៍ក្នុងតំបន់នេះ អាចមកពិនិត្យផ្ទៀងផ្ទាត់ជាមួយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ទេសចរណ៍ មានទីតាំងនៅអាជ្ញាធរជាតិអប្សរា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ២០១៨នេះ៕