ព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតូបនីយកម្មឲ្យជនជាតិចិនចំនួន១១នាក់ កាលពីខែវិច្ឆិកាឆ្នាំ២០១៧ តាមការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងព្រះរាជក្រិត្យចំនួន១១ ដែលចុះថ្ងៃផ្សេងៗគ្នា ប៉ុន្តែស្ថិតនៅក្នុងខែវិច្ឆិកាដូចគ្នានោះ បានបញ្ជាក់ពីការផ្តល់សញ្ជាតិខ្មែរឲ្យជនជាតិជាតិចិនចំនួន១១នាក់។ ក្នុងចំណោម១១នាក់នេះ មានជនជាតិចិនតៃវ៉ាន់ចំនួន២នាក់។
នៅក្នុងព្រះរាជក្រឹត្យបានឲ្យដឹងថា អ្នកខ្លះទទួលបានសញ្ជាតិហើយដូរឈ្មោះ ចំណែកអ្នកខ្លះរក្សាឈ្មោះនៅដដែលដូចជា លោក យូ លីនស៊ុង បានដូរឈ្មោះជា ពៅ ជំនិត លោក ហ្គូវ យ៉ានហ្វៃ ដូរឈ្មោះ ជាពៅ សំណាង ជាដើម។
តាមច្បាប់ស្តីពីសញ្ជាតិគឺសញ្ជាតូបនីយកម្មដែលទទួលបានតាមការស្នើសុំនោះ ជនបរទេសត្រូវបំពេញតាមលក្ខខណ្ឌដូចជា មានការបញ្ជាក់ថា មានសីលធម៌ មិនធ្លាប់មានទោសព្រហ្មទណ្ឌ ស្នាក់នៅកម្ពុជារយៈពេល៧ឆ្នាំ មានទីលំនៅក្នុងប្រទេសកម្ពុជា មានបញ្ញានិងកាយសម្បទាមិនបង្កគ្រោះថ្នាក់ឬបន្ទុកដល់សង្គម ចេះភាសា ចេះអក្សរ និង យល់ពីប្រវត្តិសាស្ត្រខ្មែរខ្លះៗ៕