អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ទៅកាន់មន្ត្រីអគ្គីភ័យឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ជានគរបាលជាតិ មិនត្រូវយកតួនាទី ឋានន្តរស័ក្តិ ទៅសំឡុតគំរាមកំហែងប្រជាពលរដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
ក្នុងពីធីប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំ ២០១៨-២០២០ របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ លោកឧត្តមសេនីយ សួស អង្គារ៍ បានលើកឡើងថា ដើម្បីការងារពន្លត់អគ្គីភ័យទទួលបានជោគជ័យ និងមានការជឿជាក់ពីពលរដ្ឋនោះ មន្ត្រីអគ្គីភ័យត្រូវគោរពវិន័យ ធ្វើការឲ្យលឿនរហ័ស រក្សាប្រសិទ្ធិភាព យុត្តិធម៌ និងតម្លាភាព ដោយមិនត្រូវយកតួនាទីទៅទាមទារអ្វីមួយពីពលរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមអគ្គស្នងការរងនគរបាលជាតិរូបនេះ គ្រោះអគ្គីភ័យក្នុងឆ្នាំ២០១៧ កន្លងទៅ កើតឡើងចំនួន ៥១៤លើក បើធៀបនឹងឆ្នាំ២០១៦ មានការថយចុះ ៩៨លើក ស្មើនឹង ១៩ភាគរយ បង្កឲ្យស្លាប់មនុស្ស ២២នាក់ (ស្រី១៣នាក់) និងរបួសមនុស្ស ១២៨នាក់ (ស្រី ៧៦នាក់) ឆេះផ្ទះ ៤៨០ខ្នង ឆេះប្រាក់រៀលជាង១ពាន់លានរៀល ឆេះប្រាក់ដុល្លារជាង២លានដុល្លារ និងខូចខាតទ្រព្យសម្បត្តិប្រើប្រាស់មួយចំនួនទៀត៕