សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃបានចុះផ្សាយថា យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ ហើយ ១៨នាក់ទៀតបានរងរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងផ្សារមួយកន្លែង ស្ថិតក្នុងខេត្តយ៉ាឡា ភាគខាងត្បូងថៃ។
កាសែតថៃដដែលនេះ បានរាយការណ៍បន្ថែមថា ការបំផ្ទុះគ្រាប់បែកនៅក្នុងម៉ូតូមួយគ្រឿង បានផ្ទុះឡើងនៅម៉ោង ៦ព្រឹកថ្ងៃនេះ នៅក្នុងផ្សារមួយ ស្ថិតនៅទីរួមខេត្តយ៉ាឡា ដែលជាខេត្តភាគខាងត្បូងនៅជាប់ព្រំដែនជាមួយម៉ាឡេស៊ី។
តម្រួតថៃ បាននិយាយថា បុរសវ័យក្មេងម្នាក់ បានចតម៉ូតូនៅជិតតូបលក់ប្រហុកមួយកន្លែង ស្ថិតក្នុងផ្សារភិម៉ុលឆៃ។ ស្ត្រីដែលជាម្ចាស់តូបនោះ បានប្រាប់បុរសរូបនោះ ឲ្យយកម៉ូតូចេញ ប៉ុន្តែ បានរត់ចេញយ៉ាងលឿនទៅវិញ។
ស្ត្រីរូបនោះ បានចេញទៅអូសម៉ូតូនោះចេញ ហើយបន្ទាប់មក វាក៏ផ្ទុះ បណ្ដាលឲ្យស្ត្រីរូបនោះ និងបុរសជាអតិថិជនម្នាក់ ស្លាប់ភ្លាមៗ។
ក្រៅពីអ្នកស្លាប់ទាំង២នាក់ខាងលើ កាសែតបាងកក ប៉ុស្តិ៍ បានចុះផ្សាយថា មនុស្ស ១៩នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនជាបន្ទាន់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែ អ្នករងរបួសម្នាក់ បានស្លាប់ផងដែរ។
គ្មានក្រុមណាមួយចេញមុខប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេរហូតមកដល់វេលាថ្ងៃត្រង់នេះ៕