មធ្យោបាយធ្វើដំណើរជាច្រើននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កំពុងជួបបញ្ហាដោយសារតែការធ្លាក់ព្រិលទឹកកកច្រើនពេក នាំឲ្យរថយន្ត រថភ្លើង និងការធ្វើដំណើរតាមយន្តហោះត្រូវបានផ្អាក។
របាយការណ៍របស់អាជ្ញាធរបង្ហាញថា នៅក្នុងទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ កម្រិតនៃព្រិលទឹកកកធ្លាក់កម្រាស់ជាង២០សង់ទីម៉ែត្រ នាំឲ្យរាំងស្ទះការធ្វើចរាចរណ៍នៅតាមផ្លូវរថភ្លើង ហើយយន្តហោះដឹកអ្នកដំណើរក៏ត្រូវបានផ្អាក ដោយបារម្ភពីសុវត្ថិភាព។ នេះបើតាម South China Morning Post។
អាជ្ញាធរអះអាងថា កម្រិតព្រិលទឹកកកនេះ គឺជាកម្រិតធ្ងន់ធ្ងរមួយដែលមិនធ្លាប់កើតមានឡើងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។
មនុស្សចំនួន៦០០០នាក់ ខកខាតក្នុងការធ្វើដំណើរកាលពីយប់ថ្ងៃចន្ទម្សិលមិញដោយសារតែ ការផ្អាកជើងហោះហើរនៅព្រលានយន្តហោះ Narita។
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Nippon និងក្រុមហ៊ុនមួយចំនួនទៀតបានផ្អាកឬលុបចោលជើងហោះហើរចំនួនជាង៣០០ ទាំងការហោះហើរនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
ចំណែកការធ្វើដំណើរតាមផ្លូវគោកគឺក្នុងអំឡុងពេលធ្លាក់ព្រិលនេះ កើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៧៤០ករណី ហើយក្នុងនោះ៦៧នាក់បានរងរបួសកាលពីយប់មិញ៕