រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានសារៈសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធយុត្តិធម៌ក្នុងសង្គម ដោយលោកថា សាធារណជនទូទៅមានសិទ្ធិទទួលបានព័ត៌មានពីស្ថាប័នសាធារណៈនានា។
នៅក្នុងសន្និសីទស្តីពីសិទ្ធិទទួលបានព័ត៌មាននៅថ្ងៃនេះ លោក ខៀវ កាញារីទ្ធ លើកឡើងថា ពេលសេចក្តីព្រាងច្បាប់ស្តីនេះចូលជាធរមានហើយនឹងជួយច្រើនដល់សង្គមគឺមិនមែនតែសម្រាប់វិស័យសារព័ត៌មាននោះទេ គឺសម្រាប់ពង្រឹងយុត្តិធម៌សង្គមផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្រុមការងារបច្ចេកទេសបានឯកភាពគ្នាបញ្ចប់កាលពីថ្ងៃទី២៦ខែមករា ហើយកំពុងត្រៀមបញ្ជូនទៅគណៈរដ្ឋមន្ត្រីបន្តតាមនីតិវិធី។ ក្រុមការងារបច្ចេកទេសនេះបានចាប់ផ្តើមតាក់ តែងសេចក្តីព្រាងច្បាប់នេះកាលពីឆ្នាំ២០១៥។
អង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា បានផ្តួចផ្តើមឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កាលពី៤ឆ្នាំមុន ប៉ុន្តែសេចក្តីព្រាងច្បាប់នោះមិនត្រូវបានលើកយកមករៀបចំជាសេចក្តីព្រាងច្បាប់ឡើយ។ សេចក្តីព្រាងដែលទើបបញ្ចប់នេះមាន៩ជំពូក ៣៨មាត្រា៕