ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់អ្នកពិសារស្រាក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយថាអ្នកគ្រោះថ្នាក់ដោយសារស្រានៅតែជាកង្វល់ធំ។
តាមបណ្តាញសង្គមហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យទិញស្រាដែលមិនមានប្រភពច្បាស់លាស់យកទៅពិសារដោយថា ស្រាដែលមានជាតិមេតាណុលច្រើន អាចសម្លាប់មនុស្សបាន។
របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា ក្នុងឆ្នាំ២០១៥អ្នកពុលស្រាមាន២៨៤ករណី ស្លាប់អស់៣៣នាក់ ឆ្នាំ២០១៦ពុល ៩២ករណីស្លាប់១៥នាក់ និង ឆ្នាំ២០១៧ អ្នកពុលស្រា ១៣ករណីស្លាប់២នាក់។