ប្រភពព័ត៌មានមួយរបស់កូរ៉េខាងត្បូងដែលសុំមិនបង្ហាញអត្តសញ្ញាណបានឱ្យដឹងថាអគ្គមេបញ្ជាការកងទ័ពកូរ៉េខាងជើងម្នាក់គឺឧត្តមសេនីយ៍ រី យ៉ុង ជីល (Ri Yong-gil) បានបាត់ខ្លួនឬក៏ត្រូវបានប្រហារជីវិត។
មន្ត្រីជាន់ខ្ពស់មួយចំនួននៅកូរ៉េខាងជើងត្រូវបានគេមើលឃើញថាបានអវត្តមានជាយូរណាស់មកហើយមុននឹងបង្ហាញខ្លួនម្តងទៀត។
យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ រី យ៉ុង ជីល បានក្លាយជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់របស់កូរ៉េខាងជើងដែលទទួលបញ្ជាឲ្យប្រហារជីវិត។
បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា រី យ៉ុង ជីល ត្រូវបានប្រហារជីវិតកាលពីដើមខែកុម្ភៈនេះ ករណីជាប់ទាក់ទិនអំពើពុករលួយនិងការរួមគំនិតក្បត់ក្នុងបក្ស។
កាលពីសប្តាហ៍មុននេះមានកិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សពលករក្នុងនោះមេដឹកនាំ គីម ជុងអ៊ុន ធ្វើជាប្រធានដោយបានពិភាក្សាអំពីអំពើពុករលួយក្នុងប្រទេសនិងការិយាធិបតេយ្យ។
បើតាមសេចក្ដីរាយការណ៍ព័ត៌មានលោកឧត្តមសេនីយ៍រូបនេះត្រូវបានប្រហារជីវិតប៉ុន្មានថៃ្ងប៉ុណ្ណោះក្រោយពី របបក្រុងព្យុងយ៉ាងបានបាញ់រ៉ុក្កែតចូលគន្លងផែនដីដែលអន្តរជាតិថ្កោលទោសយ៉ាងខ្លាំង។
ឧត្តមសេនីយ៍ថា រី យ៉ុង ជីល គឺជាជនទី៤ដែលត្រូវកាត់ទោសប្រហារជីវិតចាប់តាំងលោក គឹម ជុងអ៊ុន បានឡើងកាន់អំណាចជំនួសឪពុកលោកនៅឆ្នាំ២០១១៕
ប្រភព: BBC