ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល ត្រាំ កាលពីថ្ងៃចន្ទម្សិលមិញ បានរំឭកជាថ្មីឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ឲ្យចូលរួមបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។
កាលពីខែមុនលោក ដូណាល ត្រាំថ្លែងថា រុស្ស៊ីមិនបានជួយដោះស្រាយកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងដូចការសម្រេចរបស់អង្គការសហប្រជាជាតិទេ។
ក្នុងសេចក្តីថ្លែងការណ៍របស់លោកត្រាំ កាលពីម្សិលមិញដែលអំពាវនាវឲ្យលោកពូទីនចូលរួមនោះបានថ្លែងថា វាមានសារសំខាន់ដែលមានការបញ្ជាក់ពីរុស្ស៊ីក្នុងការចូលរួមដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
នៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រកាលពីខែមុនលោក ត្រាំបានចោទលោក ពូទីនថា ជាអ្នកនៅពីក្រោយជួយដល់កូរ៉េខាងជើង ប្រឆាំងទៅការសម្រេចរបស់អង្គការសហប្រជាជាតិដែលបានដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង។ទោះយ៉ាងណាទីក្រុងម៉ូស្គូបានច្រានចោល ការចោទប្រកាន់ពីសហរដ្ឋអាមេរិកនេះ។