អតីតតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលបាត់ដំបង លោកស្រី មូរ សុខហួរ បានស្នើទៅតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ឲ្យបំភ្លឺរឿងអាស្រូវផ្លូវភេទរបស់ខ្លួនដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនៅពេល ថ្មីៗនេះ។
ក្នុងលិខិតចំហនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ លោកស្រី មូរ សុខហួរ បានស្នើលោក ហ៊ុន ម៉ានី ចេញមុខបកស្រាយពាក់ព័ន្ធសារ និងវីដេអូដែលបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម។ លោកស្រីបន្តថា លោកស្រីមានការព្រួយបារម្ភចំពោះសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសស្ត្រីខ្មែរ ដែលមានឈ្មោះ និងរូបក្នុងសារ និងវីដេអូទាំងនោះ។
អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីអាណត្តិទី២រូបនេះលើកឡើងទៀតថា ស្ត្រីខ្មែរជាច្រើនត្រូវរងគ្រោះដោយអំពើហិង្សាដូចជាជះទឹកអាស៊ីត និងរងការបាញ់សម្លាប់ បន្ទាប់ពីមានបែកធ្លាយព័ត៌មានពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ពួកគេជាមួយអ្នកមានអំណាច។
VOD បានព្យាយាមទាក់ទង លោក ហ៊ុន ម៉ានី ដើម្បីសុំការឆ្លើយតប ប៉ុន្តែទូរសព្ទចូលមិនមានអ្នកទទួល។
រយៈពេលប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook និងតាមយូធ្យូប (You Tube) នូវសារ និងវីដេអូជាច្រើនដែលត្រូវបានអះអាងថា យកចេញពីគណនី និងទំព័រហ្វេសប៊ុក ដែលមានឈ្មោះ Hun Mani និង Hun Many ដែលបានបង្ហាញអំពីទំនាក់ទំនងស្នេហារបស់ លោក ហ៊ុន ម៉ានី ជាមួយនឹងស្ត្រីខ្មែរមួយចំនួន៕