អ្នកនាំពាក្យក្រសួងការពារជាតិបានបដិសេធទៅនឹងការរិៈគន់ ថាមានការបែកបាក់ផ្ទៃក្នុងកងទ័ព ករណី ផ្ទេរតួនាទីដឹកនាំសេនាធិកាចម្រុះនៃកងយោធពលខេមរភូមិន្ទពីលោក គន់ គីម ទៅឲ្យកូនច្បងលោកនាយករដ្ឋមន្រ្តីគឺ លោក ហ៊ុន ម៉ាណែត។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានអះអាងថា ការប្រគល់សិទ្ធិដឹកនាំនាយសេនាធិការចម្រុះនេះ គឺគ្រាន់តែជាការប្រគល់ ការងារទទួលខុសត្រូវជូនមន្រ្តីជាន់ខ្ពស់ណាមួយ នៅពេលដែលលោក គន់ គីម អវត្តមាន ឬ ជាប់រវល់នៅកិច្ចការងារមូលដ្ឋានតែប៉ុណ្ណោះ មិនមានការបែកបាក់ផ្ទៃក្នុងនោះទេ។ នេះបើតាមការចុះផ្សាយរបស់Freshnews។
ក្នុងលិខិតមួយចុះថ្ងៃទី ២១ ខែ កុម្ភៈ អគ្គមេបញ្ជាការរង និងជានាយ សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទលោក គន់ គីម បានផ្ទេរសិទ្ធិដឹកនាំបញ្ជាការងារសេនាធិការចម្រុះឲ្យលោក ហ៊ុន ម៉ាណែត ដែលធ្វើឲ្យមានការរិៈគន់ថាបែកបាក់ផ្ទៃក្នុង ដោយសាររដ្ឋាភិបាលបារម្ភខ្លាចមានរដ្ឋប្រហារយោធា។
ទាក់ទងនឹងការផ្ទេរភារកិច្ច ថ្មីនេះក៏មានការតែងតាំងលោក ជា តារា ជានាយទាហាននៃកងយោធពលខេមរភូមិន្ទ ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ និង តែងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ដែលមានឋានៈស្មើ រដ្ឋមន្រ្តីផងដែរ នេះបើតាមព្រះរាជក្រឹត្យ២ផ្សេងគ្នា ដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ចុះថ្ងៃទី ០២ ខែ មីនា ម្សិលមិញ៕