កុមារីជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាច្រើននាក់កំពុងតែធ្លាក់ខ្លួនក្នុងសកម្មភាពជួញដូរផ្លូវភេទ ដោយសារអ្នកខ្លះរងការបង្ខំ បោកបញ្ឆោត និងអ្នកខ្លះទៀត បានស្ម័គ្រចិត្តដោយខ្លួនឯងដោយសារតម្រូវការជីវភាព។
សារព័ត៌មានBBCបានសរសេរអត្ថបទស៊ើបអង្កេតមួយបានបង្ហាញថា នៅជុំរំជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដេសកំពុងតែមានភាពជ្រួលច្របល់ដោយសារតែផ្ទុះរឿងការជួញដូរផ្លូវភេទលើកុមារី។
អត្ថបទនោះផ្តើមចេញពីកុមារម្នាក់ដែលឪពុកម្តាយត្រូវបានយោធាមីយ៉ាន់ម៉ាសម្លាប់ហើយនាង ដើរតាមដងផ្លូវនៅក្នុងប្រទេសបង់ក្លាដេសហើយត្រូវបានស្ត្រីម្នាក់ហៅឡើងលើរថយន្ត ដោយប្រាប់ថា រកការងារឲ្យធ្វើហើយមានសុវត្ថិភាព។ ប៉ុន្តែកុមារដែលត្រូវបានសមត្ថកិច្ចជួយសង្គ្រោះនេះនិយាយថា នាងត្រូវបានគេរំលោភ វាយដំ ហើយយកទៅលក់ឲ្យផ្ទះបនបន្ត។
BBC ក៏បានសម្ភាសន៍ក្មេងស្រីមួយចំនួនទៀតនិយាយថា ពួកគេបានព្រមទៅតាមមេខ្យល់ដែលយកទៅលក់ឲ្យបម្រើផ្លូវភេទដោយសារគ្រួសាររបស់ពួកគេកំពុងជួបការលំបាកខ្លាំង ហើយអ្នកខ្លះទៀតនិយាយថា ពួកគេធ្លាប់ត្រូវបានយោធាមីយ៉ាន់ម៉ារំលោភច្រើនលើកមកហើយមុនឆ្លងដែនចូលប្រទេសបង់ក្លាដេស។
បច្ចុប្បន្នសមត្ថកិច្ចបង់ក្លាដេស និង អង្គការសប្បុរសធម៌កំពុងតែផ្តោតសំខាន់ក្នុងការជួយសង្គ្រោះក្មេងស្រីជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលកំពុងរងគ្រោះទាំងនេះ។