ដំបូងឡើយទីភ្នាក់ងារសារព័ត៌មានជប៉ុនKyodoជាអ្នកចុះផ្សាយមុនគេនៅដើមសប្តាហ៍នេះថា មានរថភ្លើងមួយគ្រឿងដឹកលោក គីម ជុងអ៊ុន និងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតរបស់កូរ៉េខាងជើងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិន។
ព័ត៌មាននេះ បានធ្វើឲ្យសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើលខ្លះជឿ និងខ្លះទៀតមិនជឿទេ ព្រោះមេដឹកនាំកូរ៉េខាងជើងវ័យក្មេងនេះ មិនដែលចាកចេញពីប្រទេសទេចាប់តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១១មក ហើយម្យ៉ាងទៀតមេដឹកនាំនេះក៏មានចរិតក្រអើតក្រទមហាក់មិនដែលបន្ទន់ឥរិយាបថដាក់មេដឹកនាំណាមួយនោះទេ។
ក្រោយពេលKyodo ចុះផ្សាយនោះប្រព័ន្ធផ្សព្វផ្សាល្បីៗលើពិភពលោកផ្សព្វផ្សាយបន្ត ក៏ដោយ ក៏ក្រសួងការបរទេសចិននៅតែបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញថា ពួកគេនៅមិនទាន់ទទួលព័ត៌ មាននៃដំណើរទស្សនកិច្ចមេដឹកនាំកូរ៉េខាងជើងនៅទីក្រុងប៉េកាំងនេះទេ។
បើទោះជាមានការបិទបាំងព័ត៌មានក្តី ប៉ុន្តែការលេចធ្លាយកើតឡើងជាបន្តបន្ទាប់គឺមានការបង្ហាញរូបភាពរថភ្លើងរបស់កូរ៉េខាងជើងឆ្លងកាត់ព្រំដែនទៅប្រទេសចិនហើយមានការយាមកាមយ៉ាងតឹងរឹងមិនធ្លាប់មាន ពេលចូលដល់ប្រទេសចិនក៏មានការក្បួនការពារតឹងរឹងលើរថយន្តគណៈប្រតិភូអាថ៌កំបាំងនេះដែរ។
ដោយមិនអាចលាក់បាំងបន្តទៀត នៅព្រឹកថ្ងៃពុធនេះ រដ្ឋអំណាចទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងបានប្រកាសបញ្ជាក់រៀងៗខ្លួនថា លោកគីម ជុងអ៊ុនពិតជាធ្វើដំណើរទស្សកិច្ចនៅប្រទេសចិនពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែមីនានេះ ប៉ុន្តែថានោះគ្រាន់តែជាដំណើរទស្សនកិច្ចមិនផ្លូវការតែប៉ុណ្ណោះគឺដើម្បីពង្រឹងចំណងទាក់ទងគ្នានៃប្រទេសទាំងពីរ។
ទំនាក់ទំនងចិននិងកូរ៉េខាងជើង
ដូនតាជំនាន់មុនៗរបស់លោកគីម ជុងអ៊ុនសុទ្ធតែមានទំនាក់ទំនងល្អជាមួយចិន ហើយបច្ចុប្បន្នចិនគឺជាសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើងជារដ្ឋឯកោមួយនេះ គឺចិនជាដៃគូទាំងផ្នែកសេដ្ឋកិច្ចនិង នយោបាយ។
ចិនក៏ហាក់តាំងខ្លួនជាបងធំរបស់កូរ៉េខាងជើងដែរគឺកាលពីចុងឆ្នាំ២០១៧ ពេលដែលអាមេរិកបញ្ជូននានាចម្បាំងទៅឧបទ្វីកូរ៉េហើយព្រមានវាយប្រហារកូរ៉េខាងជើងនោះ ចិនបានបញ្ជាក់ជំហារនឹងចេញមុខទប់ទល់ជាមួយអាមេរិកបើសិនជាទីក្រុងវ៉ាស៊ីនតោនជាអ្នកវាយប្រហារមុនគោលបំណងចង់ផ្តួលរំលំរបបទីក្រុងព្យុងយ៉ាងនោះ។
ប៉ុន្តែចាប់តាំងពីលោក គីម ជុងអ៊ុនឡើងកាន់តំណែងមក លោកមិនដែលធ្វើដំណើរទៅកាន់ប្រទេសចិនទេ ហើយពេលលោកស៊ី ជីនពីង ឡើងកាន់តំណែងឬបុណ្យសំខាន់ផ្សេងៗរបស់ចិនក៏កូរ៉េខាងជើងមិនដែលផ្ញើសារអបអរអ្វីដែរ។
ចុះអ្វីជាគោលបំណងនៅក្នុងដំណើរទស្សនកិច្ចអាថ៌កំបាំងនេះ?
ទាំងចិននិងកូរ៉េខាងជើងសុទ្ធតែបានបញ្ជាក់ថា នេះជាការពង្រឹងទំនាក់ទំនងមិត្តភាព ប៉ុន្តែក៏មានបញ្ជាក់ដែរថា កូរ៉េខាងជើងប្តេជ្ញាបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ បើទោះជាលោកគីម ជុងអ៊ុនធ្លាប់និយាយថា អាវុធនុយក្លេអ៊ែកើតចេញពីឈាមពលរដ្ឋកូរ៉េខាងជើងក៏ដោយ។
គោលបំណងមួយទៀតដែលប្រទេសទាំងពីរមិនបាននិយាយនោះ គឺកូរ៉េខាងជើងហាក់ទៅសុំយោបល់ពីចិនថា គួរធ្វើយ៉ាងម៉េចនៅពេលដែល លោក គីម ជុងអ៊ុន នឹងជួបជាមួយមេដឹកនាំកូរ៉េខាងត្បូងនៅចុងខែមេសា និងជួបមេដឹកនាំអាមេរិកនៅក្នុងឧសភា ដើម្បីជជែកពីសន្តិភាពហើយលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េ។
បើរំឭកពីអតីតកាលមុនពេលឪពុករបស់លោក គីម ជុងអ៊ុនគឺលោកគីម ជុងអ៊ីលជួបចរចាជាមួយមេដឹកនាំកូរ៉េខាងត្បូងកាលពីឆ្នាំ២០០០ កាលនោះលោកក៏ទៅជួបជាមួយមេដឹកនាំចិនលោក ជាំង ហ្សេមីន(Jiang Zemin)ដើម្បីសុំយោបល់ខ្លះដែរ។
ប្រព័ន្ធផ្សព្វផ្សាយខ្លះលើកឡើងថាជំនួបនៅទីក្រុងប៉េកាំងនេះ នឹងអាចធ្វើឲ្យប្រែប្រួលលើផ្នែកមួយចំនួននៃគម្រោងលោក គីម ជុងអ៊ុនជួបជាមួយមេដឹកនាំកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ព្រោះកន្លងមកអាមេរិកតែងចោទចិនថា អ្នកនៅពីក្រោយកូរ៉េខាងជើងទើបកូរ៉េខាងជើងមិនខ្លាចការដាក់សម្ពាធពីសហគមន៍អន្តរជាតិ។