ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង នារសៀលនេះលើកឡើងថាលោកបានដឹងពីឯកសារដែលបង្ហាញថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានទិញភាគហ៊ុននៅក្រៅប្រទេស ដែលត្រូវបានចាត់ទុកថាជាមធ្យោបាយមួយនៃការលាក់លុយក្រៅប្រទេសហើយថាអង្គភាពកំពុងផ្ទៀងផ្ទាត់លើករណីនេះ។
លោក ឱម យ៉ិនទៀង លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធអំពើពុករលួយរបស់អគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា។ ជាការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោកមានប្រសាសន៍ថាអង្គភាពបានទទួលព័ត៌មានពីការបង្ហាញរបស់ឯកសារបរទេសមួយដែលថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ជាប់ពាក់ព័ន្ធនឹងការលាក់លុយក្រៅប្រទេស ហើយលោកថាអង្គភាពកំពុងផ្ទៀងផ្ទាត់ព័ត៌មាននេះតែមិនទាន់សម្រេចថាបើកការស៊ើបអង្កេតនៅឡើយ។
លោកមានប្រសាសន៍ថា៖ “ពាក្យស៊ើបអង្កេតគឺអត្ថន័យជំហានរបស់វាជ្រៅ ព្រោះអានេះជាដំណឹង អញ្ចឹងយើងក៏ដំណឹងស្វែងរកស្រាវជ្រាវ តើវាពិតប៉ុណ្ណាវាទុកចិត្តបានទេ ហើយបើទុកចិត្តបានហើយយើងទៅជួបអ្នកណាទៀត វាចេះតែកៀកៗៗទៅ ក្នុងគោលដៅដើម្បីអាចឃើញការសន្និដ្ឋានមួយបើកស៊ើបអង្កេត ឬមិនបើកលើបញ្ហាហ្នឹង។
ក្រោយសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពីការលាក់លុយនៅក្រៅប្រទេសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ក្រសួងយុត្តិធម៌កាលពីថ្ងៃទី៤ ខែមេសា បានចេញសេចក្តីប្រកាសមួយបដិសេធនឹងការលើកឡើងថារដ្ឋមន្រ្តីបានទិញភាគហ៊ុននៅក្រៅប្រទេស។ នៅក្នុងសេចក្តីប្រកាសដដែល អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សន សោភ័ណ បានបញ្ជាក់ថាមានការចុះផ្សាយថាលោក អង្គ វង្ស វឌ្ឍានា បានចំណាយប្រាក់៥ពាន់ដុល្លារដើម្បីទិញភាគហ៊ុនចំនួន៥ពាន់ក្នុងឆ្នាំ២០០៧ ក្នុងក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅBritish Virgin Islands។ លោកបញ្ជាក់ថា៖ “ឯកឧត្តមរដ្ឋមន្រ្តីមិនធ្លាប់ស្គាល់ក្រុមហ៊ុនខាងលើនេះ ហើយក៏មិនធ្លាប់បានទិញភាគហ៊ុន ក្នុងក្រុមហ៊ុនបរទសណាមួយឡើយ”។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថាអង្គភាពប្រឆាំងអំពើពុករលួយមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយឲ្យស្មើភាពគ្នារវាងមន្រ្តីសាធារណៈនិងមនុស្សជាទូទៅដោយស្មោះត្រង់។
លោកមានប្រសាសន៍ថា៖ “រដ្ឋាភិបាលត្រូវតែមានវិធានការនៅក្នុងការទប់ស្កាត់រូបភាពធ្វើម៉េចរក្សាការពារមិនឲ្យមន្រ្តីរបស់ខ្លួនហ្នឹងស្ថិតក្នុងភាពបែបហ្នឹង ទោះបីជាកន្លងមកហ្នឹងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ហ្នឹងបានបដិសេធថាខ្លួនពិតជាមិនបានពាក់ព័ន្ធមែនក៏ដោយ តែនេះជារូបភាពកម្រិតសកលលោក យើងចាំបាច់ត្រូវមានវិធានការមួយចំនួនពីរដ្ឋាភិបាល ដើម្បីទប់ស្កាត់ ឬក៏ដើម្បីការពារឬក៏ធានាថាមន្រ្តីរបស់ខ្លួនមិនមានការពាក់ព័ន្ធឬរារាំងទប់ស្កាត់កុំឲ្យមានការលេនូវព័ត៌មានបែបនេះជាបន្តទៀត”។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ត្រូវបានគេរកឃើញឈ្មោះនៅក្នុងបញ្ជី«Panama Paper»ដែលជាការបែកធ្លាយនៃកំណត់ត្រាធនាគារពាក់ព័ន្ធនឹងការលាក់លុយនៅក្រៅស្រុក។ បុគ្គលមួយចំនួនដែលមានទ្រព្យសម្បត្តិនិងមានអំណាចជាងគេនៅជុំវិញពិភពលោកត្រូវបានដាក់នៅក្នុងបញ្ជីមួយនេះ។ ឯកសារបែកធ្លាយនោះត្រូវបានពិនិត្យដោយក្រុមអ្នកសារព័ត៌មានជាង៣៧០នាក់ មកពីប្រទេសជាង៧០៕