កាលពីល្ងាចថ្ងៃទី៧ខែមេសា ព្រឹត្តិការណ៍ជម្រុះជើងឯក TV5 Boxing Knock Out Series By K-Cement បានបញ្ចប់ការការប្រកួតស្វែងរកអ្នកឡើងអង្គុយកៅអីឈានទៅវគ្គ៨នាក់ជាផ្លូវការហើយ ដោយកីឡាករលាភ រដ្ឋា គឺជាអ្នកឡើងអង្គុយកៅអីទី៨ចុងប៉ូចគេ ដែលធ្វើអោយគេមានឱកាសឡើងទៅដណ្ដើមយកជើងឯកបន្តទៀត នៅវគ្គបន្ទាប់។ ការប្រកួតដែលបានបញ្ចប់នេះ ធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍មិនតិចនោះទេ ដោយសារតែទម្រាំអាចផ្ដួលកីឡាករ ដែលឈ្នះក្នុងវគ្គ១៦នាក់ដូចគ្នា អោយធ្លាក់ហាលអាវបាន ក៏ទ្រមខ្លួនទាំង៣ទឹក។
លោក សេង កដិកា អ្នករៀបចំការប្រកួត បានអះអាងថា កីឡាករ លាភ រដ្ឋា មិនមែនជាកីឡាករជើងចាស់នោះទេ ប៉ុន្តែគេជាកីឡាករដែលមានសមត្ថភាព និងមានការតាំងចិត្តខ្ពស់ ទើបគណកម្មការនៅប៉ុស្ដិ៍លេខ៥ សម្រេចអោយឡើងប្រកួតជាមួយកីឡាករខ្លាំងៗផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍ជម្រុះជើងឯកនេះ ដោយលោកអះអាងថាកាន់តែសប្បាយចិត្តនៅពេលបានឃើញគេឡើងប្រកួតក្នុងវគ្គ១៦នាក់យក៨នាក់ គេនៅតែអាចបន្តឡើងអង្គុយកៅអី៨នាក់ ក្នុងពេលដែលគូប្រកួតរបស់គេ គឺកីឡាករវ័យក្មេង ឈុត សេរីវ៉ាន់ថត ជាកីឡាករល្អម្នាក់ ហើយការប្រកួតតនៅក្នុងថ្ងៃនោះ ក៏ខ្លាំងមិនធម្មតាពេញរយៈពេល៣ទឹក។
លោកបានហៅលទ្ធផលដែលបានស្ដែងឡើងនោះថា ជាការប្រឹងប្រែងរបស់កីឡាករជើងថ្មីរូបនេះ ប៉ុន្តែក៏ទាមទារអោយកីឡាករ លាភ រដ្ឋាត្រូវតែប្រយ័ត្នផងដែរ ដោយសារតែឆ្លងផុតវគ្គនេះ គេត្រូវប្រកួតជាមួយកីឡាករជើងខ្លាំង លន បញ្ញា ដែលឡើងអង្គុយកៅអី៨នាក់ក្នុងលេខរៀងទី៧ ដើម្បីដណ្ដើមយកកៅអី៤នាក់ ដែលជាវគ្គកាន់តែសំខាន់ក្នុងពេលដ៏ខ្លី។ លោកបានសម្ដែងអារម្មណ៍សោកស្ដាយ ចំពោះកីឡាករដែលធ្លាក់ហាលអាវនៅក្នុងវគ្គនេះ ដោយលោកបញ្ជាក់ថាដ្បិតថាធ្លាក់ពីការប្រកួតដោយពន្ទុក៏ពិតមែន ប៉ុន្តែប្រហែលជាដេកឈឺខ្លួនមិនចាញ់អ្នកឈ្នះនោះទេ។
ជាក់ស្ដែងលោកបានសរសើរកីឡាករ ឈុត សេរីវ៉ាន់ថង ដែលត្រូវលន បញ្ញា វាយអោយហាលអាវទាំំងមិនអស់ចិត្ត លោកថាគេប្រឹងប្រែងណាស់ពេញរយៈពេល៣ទឹក ដែលបានកំណត់ឡើយ។ លោកថាកីឡាករមួយចំនួននៅតែយកប្រធានបទតម្លៃខ្លួនមិនស្មើនឹងកីឡាក្រៅស្រុកធ្វើអោយខ្លួនឯងធ្លាក់ដៃ ប៉ុន្តែអ្វីដែលលោកសំឡឹងឃើញគឺច្រើន ការទទួលខុសត្រូវច្រើនជាងគេ បន្ទាប់ពីលោកកត់សម្គាល់ថាអោយតែកីឡាករត្រូវការល្បីឈ្មោះ គឺប្រឹងងាប់ចោល ធ្វើអោយគេកាន់តែល្អឡើងៗពីមួយប្រកួតទៅមួយប្រកួត ប៉ុន្តែសម្រាប់កីឡាករល្បីឈ្មោះ ដែលចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះ ក៏រមែងធ្លាក់ដៃបន្តិចម្ដងៗ បញ្ច្រាសទិសពីកេរ្តិ៍ឈ្មោះ ដែលបានពីអ្នកគាំទ្រ។
លោកថាខ្លួននៅតែចង់ផ្ដល់ឱកាសអោយកីឡាករចាស់ៗបាត់មុខ និងចង់ប្រដាល់ ទើបក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងនេះក៏តែងតែដាក់កីឡាករចាស់ៗ ដែលបាត់មុខយូរ ឬមានឈ្មោះគេស្គាល់មកហើយ ប៉ុន្តែជាក់ស្ដែងក្នុងចំណោម៨នាក់ដែលបានឡើងមកដល់ក្នុងវគ្គជម្រុះក្នុងជុំទី២នេះ គឺមានកីឡាករជើងចាស់មិនច្រើននោះទេ ហើយជំនួសដោយវត្តមានកីឡាករថ្មីច្រើនជាង ព្រោះតែកីឡាករទាំងនោះគេមានការតាំងចិត្តខ្ពស់ក្នុងការហ្វឹកហាត់ និងការប្រកួត។
កីឡាករលាភ រដ្ឋា បានអះអាងថា ឱកាសឡើងអង្គុយលើកៅអី៨នាក់ ក្នុងលេខរៀងទី៨ គឺជាអ្វីដែលលោករំភើបចង់ស្រក់ទឹកភ្នែក ដោយសារតែលោកមិនធ្លាប់គិតទាល់តែសោះថាខ្លួននឹងទទួលបានជ័យជម្នះលើជើងខ្លាំងសម្រាប់ជំហានមួយនេះ បើទោះជាគូប្រកួតរបស់លោកវ័យក្មេងជាងខ្លួន។ លោករំពឹងថាឱកាសឡើងអង្គុយកៅអីក្នុងវគ្គ៨នាក់ នឹងធ្វើអោយលោកបន្តឈានឡើងសម្រាប់អាជីពជាអ្នកប្រដាល់ ដោយលោកប្រកាសថានឹងប្រឹងហ្វឹកហាត់អោយអស់ពីសមត្ថភាពចាប់ពីថ្ងៃអង្គុយកៅអីក្នុងវគ្គ៨នាក់នេះតទៅ ដើម្បីស្វែងរកក្ដីសង្ឃឹមក្នុងវគ្គ៤នាក់ជាបន្ត៕