ក្រសួងបរិស្ថាន បានអះអាងថា ក្រុមកំណាយមកពីស្ថាប័នចម្រុះ បានរកឃើញថា អតីតរាជវាំងរបស់ព្រះមហាក្សត្រជ័យវរ្ម័នទី២ អាចស្ថិតនៅលើខ្នងភ្នំគូលែន ស្ថិតក្នុងខេត្តសៀមរាប ដែលជារបកគំហើញខាងផ្នែកប្រវត្តិសាស្ត្រដើមសម័យអង្គរ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ក្រសួងបរិស្ថានបានរៀបរាប់ថា ខ្លួនបានសហការជាមួយអង្គការ ADF អាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បានធ្វើកំណាយនៅទីតាំងឈ្មោះថា «បន្ទាយ» នៅក្នុងឧទ្យានជាតិភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១៣ ខែមេសានេះ។
ដោយផ្អែកទៅលើលទ្ធផលនៃកំណាយ ក្រសួងបរិស្ថានបានអះអាងថា ក្រុមកំណាយបានរកឃើញភស្តុតាងថ្មី ដែលអាចជាអតីតរាជវាំងបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី២ នៅដើមសតវត្សរ៍ទី៩។
ដោយភ្ជាប់មករូបថត ៦សន្លឹកបង្ហាញពីតំបន់កំណាយនោះ ក្រសួងបានអះអាងបន្ថែមថា ក្រុមកំណាយបានរកឃើញផ្លូវចូលពីទិសខាងកើតអគារសង់ពីឥដ្ឋ សំណង់កណ្តាលនៃអគារនេះមាន ៣ដំណាក់កាលដំណាក់កាលទី១ ប្រហែលជាស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី២ សតវត្សរ៍ទី៩ បច្ចេកទេសសំណង់មានបង្ហាប់គ្រឹះដោយប្រើដីលាយជាមួយកម្ទេចថ្មបាយក្រៀម គ្រួស បន្ទាប់មករៀបក្រវ៉ាត់ពីឥដ្ឋ មុននឹងធ្វើសំណង់ខាងលើ។
ក្រសួងក៏បានលើកឡើងដែរថា ការរកឃើញថ្មីនៃរចនាសម្ព័ន្ធសំណង់វាំងសម័យបុរាណនៅលើខ្នងភ្នំគូលែននេះ នឹងត្រូវធ្វើការបោះពុម្ភផ្សាយ ហើយស្ថាប័នពាក់ព័ន្ធ នឹងចងក្រងសក្តានុពលរបស់ឧទ្យានជាតិភ្នំគូលែន ដើម្បីចូលរួមបំពេញលក្ខខណ្ឌបញ្ជូល ភ្នំគូលែន ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
ក្រុមអ្នកស្រាវជ្រាវបារាំង ជាពិសេសលោក អៃស្ទែន អៃម៉ូនីញ៉េ (E Aymonier) បានរកឃើញថា មហេន្ទ្របព៌ត គឺជារាជធានីរបស់ព្រះបាទ ជ័យវរ្ម័ន ទី២ ដែលជាស្ថាបនិកនៃចក្រភពអង្គរ បន្ទាប់ពីព្រះអង្គផ្លាស់ប្ដូររាជធានីជាបន្តបន្ទាប់។
លោក អៃម៉ូនីញ៉េ បានសន្និដ្ឋានថា ភ្នំគូលែនគឺជាទីតាំងនៃរាជធានីបុរាណនោះ ដោយផ្អែកលើទិតាំងភូមិសាស្ត្រ ភូគព្ភសាស្ត្រ នរវិទ្យា និងធារាសាស្ត្រ ប៉ុន្តែ គ្មានកំណាយស្រាវជ្រាវជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងនោះឡើយរហូតដល់ដើមឆ្នាំ២០១៨នេះ៕