កំណាត់ខ្សែរថភ្លើងភ្ជាប់ទៅកាន់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ត្រូវបានដាក់ឲ្យដំណើរការសាកល្បងនៅព្រឹកថ្ងៃនេះ ដែលរដ្ឋាភិបាលហៅថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រួលដល់អ្នកដំណើរ និងបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
បើតាមហ្វេសបុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវរថភ្លើងដែលចេញពីស្ថានីយអាយស្ម័យានភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រវែងសរុបប្រមាណ ៩គីឡូម៉ែត្រ ដែលត្រូវចំណាយពេលជាង ២០នាទីក្នុងការធ្វើដំណើរ។
ជាងនេះទៅទៀត ក្រសួងបានអះអាងថា អ្នកដំណើរតាមជើងយន្តហោះ អាចចុច Check-in និងផ្ញើឥវ៉ាន់តាមម៉ាស៊ីនស្វ័យប្រវត្តិពីស្ថានីយរថភ្លើងតែម្ដង។
ខ្សែរថភ្លើងនេះ ត្រូវបានដាក់ឲ្យប្រជាពលរដ្ឋទូទៅធ្វើដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១០ ខែមេសានេះ រហូតដល់ចុងខែកក្កដាខាងមុខនេះ៕