ប្រធានាធិបតីសហរដ្ឋអាមេរិកពិចារណាឡើងវិញក្នុងការចូលរួមសម្ព័ន្ធដៃគូពាណិជ្ជកម្មជាមួយប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក(TPP) បន្ទាប់ពីលោកប្រកាសចាកចេញដោយខ្លួនឯងកាលពីឆ្នាំមុន។
ការលើកឡើងរបស់លោកត្រាំនៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកនយោបាយផ្សេងៗទៀត ដែលបានលើកឡើងក្តីបារម្ភជុំវិញសង្គ្រាមពាណិជ្ជកម្ម។ សង្គ្រាមពាណិជ្ជកម្មតានតឹងកាន់តែខ្លាំងពេលសហរដ្ឋអាមេរិក និងចិនប្រកាន់ជំហររៀងខ្លួន ចំពោះការដោះដូរទំនិញមួយរយៈកាលចុងក្រោយនេះ។
អ្នកនយោបាយទាំងអ្នកនៅក្នុងបក្សជាមួយគ្នា និងនៅបក្សផ្សេងបានលើកឡើងក្តីបារម្ភចំពោះមេដឹកនាំអាមេរិក ធ្វើឲ្យប៉ះពាល់ការទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ការដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូម។ ការដំឡើងពន្ធដែកក៏បានធ្វើឲ្យប្រទេសជាមិត្តផ្សេងទៀតនៅអឺរ៉ុបប្រតិកម្មដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មTPP បង្កើតឡើងកាលពីដើមឆ្នាំ២០១៦ដោយមានការចូលរួមពីប្រទេសចំនួន១២ រួមទាំងសហរដ្ឋអាមេរិក ដែលកាលនោះមានលោក បារ៉ាក់អូម៉ា ជាអ្នកផ្តួចផ្តើមផង។ គោលបំណងនៃការបង្កើតកិច្ចព្រមព្រាងនេះឡើងគឺដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងទប់ស្កាត់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីចិន ខណៈចិនកំពុងតែខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។
នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីចុងឆ្នាំ២០១៦ លោក ដូណល ត្រាំបានវាយប្រហារថា TPPមិនបានផលប្រយោជន៍ច្រើនដល់អាមេរិកទេ ហើយថា អាចធ្វើឲ្យអាមេរិកខាតពេលទៅវិញ។ ក្រោយពេលលោក ត្រាំចូលកាន់តំណែងផ្លូវការនៅដើមឆ្នាំ២០១៧ លោកក៏ប្រកាសចាកចេញពីកិច្ចព្រមព្រៀងមួយនេះ។
ក្រោយពេលអាមេរិកដកខ្លួនហើយ ប្រទេសចំនួន១១ផ្សេងទៀត ដែលមានជប៉ុននៅក្នុងនោះផងដែរនៅតែបន្តអនុវត្តន៍តាមកិច្ចព្រមព្រៀងនោះដដែ។