ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួ បានរាយការណ៍ថា សេដ្ឋកិច្ចមានកំណើនក្នុងកម្រិត ៦.៨ភាគរយនៅត្រីមាសទី១ឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយវាបានកើនឡើងលើសពីការរំពឹងទុក។
ទីភ្នាក់ងារព័ត៌មានមួយនេះ បានដកស្រង់តួលេខផ្លូវការចេញផ្សាយនៅថ្ងៃនេះ ដែលបង្ហាញថា កំណើនសេដ្ឋកិច្ចចិននៅត្រីមាសនេះ មិនបានប្រែប្រួលនោះ បើធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០១៧កន្លងមក។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចដែលស្ទាបស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានព្យាករថា សេដ្ឋកិច្ចនឹងមានកំណើនក្នុងកម្រិត ៦.៧ភាគរយប៉ុណ្ណោះនៅចន្លោះខែមករាដល់ខែមីនាកន្លងមកនេះ ពោលគឺបានធ្លាក់ចុះតិចតួចបើធៀបនឹងត្រីមាសទី៣ និងទី៤ ឆ្នាំ២០១៧កន្លងមក ដែលមានកំណើន ៦.៨ភាគរយ៕
តួលេខកំណើនសេដ្ឋកិច្ចចិនបែបនេះ បានបង្ហាញថា សេដ្ឋកិច្ចចិននៅតែមានលំនឹងលើសពីគោលដៅរបស់រដ្ឋាភិបាលចិន ដែលចង់បានកំណើនសេដ្ឋកិច្ចប្រហែល ៦.៥ភាគរយពេញមួយឆ្នាំ២០១៨នេះ។
កំណើនបែបនេះ ក៏ជួយជំរុញដល់ក្រុមអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចចិន ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងសម្អាតបរិស្ថាន៕