មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ពលរដ្ឋនៅសង្កាត់នគរធំ បានលួចកាប់ទន្ទ្រានព្រៃនៅក្នុងឧទ្យានអង្គរ ស្ថិតក្នុងភូមិក្រវ៉ាន់ ក្រុងសៀមរាប កាលពីម្សិលមិញ។
មន្ត្រីទទួលបន្ទុកព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន លោក បេង ប៊ន ឱ្យដឹងថា សកម្មភាពលួចកាប់ទន្ទ្រានព្រៃឈើ នៅខាងកើតប៉ុស្តិ៍ត្រួតពិនិត្យសំបុត្រ ៦០ម៉ែត្រ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្ដែ សកម្មភាពទាំងនោះបានបញ្ឈប់ម្ដងហើយ ដោយសារមន្ដ្រីជំនាញបានទប់ស្កាត់។
លោកបានបន្ដថា ជនដែលសកម្មក្នុងការកាប់ព្រៃនេះ មានឈ្មោះ ថៃ ធឿង ដែលមានទំហំប្រមាណជាកន្លះហិចតានៅខាងក្រោយផ្ទះរបស់ខ្លួន ហើយព្រៃខ្លះទៀតមានទំហំប្រមាណ ៣០ម៉x៤០ម៉ ដែលបង្កដោយជនមិនស្គាល់មុខ។
លោក បេង ប៊ន បញ្ជាក់ទៀតថា សកម្មភាពនេះ បានកើតឡើងម្ដងទៀតក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ និងក្រុមការងារឈប់សម្រាកថ្ងៃបុណ្យជាតិ ថ្ងៃសៅរ៍-អាទិត្យ និងចន្លោះមុន និងក្រោយពេលចូល និងចេញធ្វើការរបស់ក្រុមការងារ។
ចៅសង្កាត់នគរធំ ក្រុងសៀមរាប លោក ង៉ា ចុង ឲ្យដឹងថា លោកបានឲ្យឈ្មោះ ថៃ ធឿង បញ្ឈប់សកម្មភាពជាច្រើនលើក ប៉ុន្ដែបុគ្គលរូបនេះមិនអនុវត្ដតាម។
លោកក៏បានលើកឡើងថា ដើម្បីទប់ស្កាត់ឱ្យបាន ក្រុមការងារទាំងអស់ ពិសេសមន្ត្រីប៉ូលិសបេតិកភណ្ឌ ត្រូវដាក់កម្លាំងតាមគ្រប់ជំហាន និងបង្ក្រាបលើបទល្មើសជាក់ស្តែង ហើយដាក់ទោសឱ្យសមនឹងកម្រិតទោស ទើបរាងចាល ដោយមិនអាចយោគយល់បានឡើយ៕